Zeekr 7 GT ស៊េរីស្ព័រ ប្រកាសអស់ពីស្តុក ខណៈម៉ូឌែលថ្មីបំពាក់បច្ចេកវិទ្យាថាមពល 900V ត្រៀមចេញត្រីមាសទី២! តើ Nvidia Drive Thor-U ជាអ្វី?
30-03-2026 12:09
(បទេស)៖ រថយន្តអគ្គិសនីស្ព័រដ៏ល្បីល្បាញ Zeekr 7 GT បានលក់ដាច់អស់ពីស្តុកហើយនៅក្នុងទីផ្សារប្រទេសចិន ទន្ទឹមនឹងនេះក្រុមហ៊ុន Zeekr ក៏បានបង្ហើបពីគម្រោងបញ្ចេញម៉ូឌែល Update ថ្មី ដែលនឹងមកដល់ក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ជាមួយបច្ចេកវិទ្យាខ្លាំងជាងមុនទ្វេដង។
ចំណុចខ្លាំង និងការផ្លាស់ប្តូរដ៏អស្ចារ្យលើម៉ូឌែលថ្មី និងបំពាក់ជាមួយបច្ចេកវិទ្យាថាមពល 900V High-voltage Architecture និងក្លាយជាការវិវត្តន៍ដ៏ធំពីកម្រិត 800V ដែលនឹងធ្វើឱ្យការសាកថ្មកាន់តែលឿនបំផុត និងបង្កើនប្រសិទ្ធភាពម៉ូទ័រឱ្យកាន់តែខ្លាំង។
ម៉ូឌែលថ្មីនេះនឹងបំពាក់នូវឈីបជំនាន់ថ្មី Nvidia Drive Thor-U ដែលមានកម្លាំងគណនា (Computing Power) ខ្ពស់ជាងមុនឆ្ងាយ ជួយដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិឱ្យកាន់តែឆ្លាតវៃ និងមានសុវត្ថិភាពខ្ពស់។
ស៊េរីថ្មីមានម៉ូឌែលប្រើម៉ូទ័រទោល (Single-motor) មានកម្លាំងកើនដល់ 370kW (ប្រហែល 496សេះ) ហើយម៉ូទ័រពីរ (Dual-motor) មានកម្លាំងសរុបអាចឡើងដល់ 585kW (ប្រហែល 784 សេះ) ដែលអាចស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ២.៨ ទៅ ២.៩ វិនាទីតែប៉ុណ្ណោះ។ ជាមួយគ្នានោះ Zeekr 7 GT ជំនាន់ថ្មីនៅតែរក្សារចនាបថដ៏ទាក់ទាញបែបឡានស្ព័រ 5 ទ្វារ (Wagon/Shooting Brake) ដែលផ្តល់ទាំងភាពឡូយឆាយ និងខាងក្នុងធំទូលាយ។
ពាក់ព័ន្ធជាមួយតម្លៃ និងការបរិច្ឆេទចេញលក់វិញ ទោះបីជាតម្លៃផ្លូវការសម្រាប់ម៉ូឌែល Update មិនទាន់ប្រកាសក្តី ប៉ុន្តែគេរំពឹងថានឹងត្រូវដាក់លក់ក្នុងចន្លោះ ត្រីមាសទី ២ (ចន្លោះខែមេសា ដល់មិថុនា) ឆ្នាំ២០២៦ នេះ ដោយកន្លងមកម៉ូឌែលបច្ចុប្បន្នមានតម្លៃចាប់ពីប្រហែល ២៨,០០០ដុល្លារឡើងទៅនៅក្នុងប្រទេសចិន។
ការត្រៀមខ្លួនបញ្ចេញបច្ចេកវិទ្យា 900V នេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន Zeekr កំពុងតែនាំមុខគេក្នុងសង្គ្រាមបច្ចេកវិទ្យារថយន្តអគ្គិសនី ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងខ្លាំងៗដូចជា Xiaomi SU7 និង Tesla Model 3 ជាដើម។
បន្ទះឈីប Nvidia Drive Thor-U គឺជាបន្ទះឈីប (System-on-a-Chip - SoC) ជំនាន់ថ្មីដែលស្ថិតក្នុងត្រកូល NVIDIA DRIVE Thor ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តវៃឆ្លាត និងការបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ មានកម្លាំងគណនា ជាមួយសមត្ថភាពរហូតដល់ 500TOPS (Tera Operations Per Second) ដែលវាខ្លាំងជាងបន្ទះឈីប Orin-X ជំនាន់មុនៗឆ្ងាយណាស់។ ប្រើប្រាស់បច្ចេកវិទ្យា Blackwell GPU ចុងក្រោយបំផុតរបស់ NVIDIA ដែលគាំទ្រយ៉ាងខ្លាំងដល់ការរត់កម្មវិធី Generative AI នៅក្នុងរថយន្ត ហើយលក្ខខណ្ឌសុវត្ថិភាព ទទួលបានវិញ្ញាបនបត្រ ASIL-D ដែលជាស្តង់ដារសុវត្ថិភាពខ្ពស់បំផុតសម្រាប់គ្រឿងអេឡិចត្រូនិចក្នុងរថយន្ត។
ហេតុអ្វីបានជាសំខាន់ត្រូវបានបំពាក់ចូលម៉ូឌែល Zeekr 7 GT? ការដែលរថយន្ត Zeekr 7 GT ជ្រើសរើសប្រើ Thor-U គឺដើម្បីជួយកាត់បន្ថយថ្លៃដើម ជំនួសឱ្យការប្រើបន្ទះឈីបច្រើនគ្រាប់ក្នុងឡាន និងប្រើតែ Thor-U មួយគ្រាប់គឺអាចបញ្ជាបានស្ទើរតែទាំងមូល។
អាចដោះស្រាយទិន្នន័យពីសេនស័រ (LiDAR, កាមេរ៉ា, រ៉ាដា) បានយ៉ាងលឿន និងមានភាពសុក្រិតបំផុត អនុញ្ញាតឱ្យរថយន្តអាចអាប់ដេតមុខងារថ្មីៗបានជាបន្តបន្ទាប់ដូចស្មាតហ្វូន៕



