កម្មវិធី AI Chatbot របស់ចិន DeepSeek គាំងជាង ៧ ម៉ោង ជាការផ្អាកដំណើរការយូរបំផុតមិនធ្លាប់មាន
30-03-2026 14:47
(បរទេស)៖ កម្មវិធី AI Chatbot ដ៏ល្បីល្បាញរបស់ចិន DeepSeek បានជួបប្រទះការរអាក់រអួលក្នុងរយៈពេលយូរបំផុតមិនធ្លាប់មាន ចាប់តាំងពីវាបានផ្ទុះការគាំទ្រខ្លាំងកាលពីដើមឆ្នាំ ២០២៥។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រព័ន្ធបានគាំងអស់រយៈពេលដល់ទៅ ៧ ម៉ោង និង ១៣ នាទី ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចសួរសំណួរផ្ទាល់នៅលើគេហទំព័របាន រហូតដល់ម៉ោង ១០:៣៣ នាទីព្រឹក ទើបបញ្ហានេះត្រូវបានប្រកាសថាដោះស្រាយរួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
ទោះបីជាមានការផ្អាកដំណើរការយូរបែបនេះក្តី ខាងក្រុមហ៊ុន DeepSeek មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែអនុវត្តតាមពិធីការក្រុមហ៊ុនប៉ុណ្ណោះ។ អ្នកជំនាញបានលើកឡើងថា ករណីបែបនេះអាចបណ្តាលមកពីបញ្ហាម៉ាស៊ីនមេ (Server) ឬក៏មានកំហុសបច្ចេកទេស (Bugs) ក្នុងកំឡុងពេលដែលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួន។
កន្លងមក សេវាកម្ម API សម្រាប់អ្នកអភិវឌ្ឍន៍ធ្លាប់បានគាំងអស់ជាច្រើនថ្ងៃ ប៉ុន្តែសម្រាប់ទំព័រវេបសាយដែលមនុស្សទូទៅប្រើប្រាស់ គឺមិនដែលគាំងលើសពី ២ ម៉ោងនោះទេ។ ហេតុការណ៍លើកនេះបានក្លាយជាការផ្អាកដំណើរការ «កម្រិតធ្ងន់» លើកដំបូងបំផុតដែលអូសបន្លាយពេលយូរ ចំពេលដែលពិភពលោកទាំងមូលកំពុងរង់ចាំមើលការវិវត្តថ្មីៗរបស់ DeepSeek។
គួរជម្រាបថា បច្ចុប្បន្ន វិស័យ AI កំពុងតាមដានយ៉ាងអន្ទះសារនូវការបញ្ចេញម៉ូដែលជំនាន់ក្រោយរបស់ DeepSeek ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បង្ហើបពីកាលវិភាគណាមួយនៅឡើយទេ៕







