កូនប្រុសនាយពាក់មី បង្ហាញភាពលេចធ្លោក្នុងពាន CPL Cares Cup U14 ក្រោយជួយវិសាខា លើកពាន

30-03-2026 15:40

(ភ្នំពេញ)៖ កីឡាករ រឹម សុហាទ្រី (ហៅអាតួ) និងកីឡាករ រឹម សុរ៉ារីហ្វីន (ហៅនាគភ្លើង) ដែលស្គាល់ជាកូនប្រុសបង្កើតតារាកំប្លែងនាយពាក់មី បានបង្ហាញភាពលេចធ្លោក្នុងការប្រកួតពានរង្វាន់ CPL Cares Cup U14 2026 កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយរួមចំណែកជួយក្រុមយុវជនថ្នាល U14 វិសាខា គ្រងជើងឯកពានយុវជន រៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) នេះ។

ការប្រកួតនេះមានក្រុមថ្នាលយុវជន ១០ក្រុម មកពីក្លិបសមាជិកលីគកំពូលកម្ពុជាចូលរួម ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយបែងចែកជា ៣ពូល។ សម្រាប់ក្រុមយុវជន U14 វិសាខា ដែលមានវត្តមានកូនប្រុសនាយពាក់មី ទាំង ២រូបលេងជាមួយគ្នា ប្រកួតដំបូងបានចាញ់ក្រុមយុវជន ISI ដង្កោសែនជ័យ ១-០ មុនយកឈ្នះក្រុមយុវជនកងយោធពលខេមរភូមិន្ទ ៩-០ និងឈ្នះយុវជនណាហ្គាវើលដ៏ ៦-០។

លទ្ធផលនេះបានធ្វើឲ្យយុវជនវិសាខា ឈរលេខ២ ល្អជាងគេ ក្នុងចំណោម ៣ក្រុម ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជួបក្រុមបឹងកេត ហើយបានយកឈ្នះក្រុមយុវជននាគខៀវនេះ ៣-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបក្រុមម្ចាស់ផ្ទះ U14 ភ្នំពេញក្រោន។ ជាលទ្ធផលជំនួបកាត់សេចក្ដី ក្រុមយុវជន U14 វិសាខា បានយកឈ្នះក្រុមយុវជនសិង្ហក្រហម ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ២-១ ក្រោយប្រកួតម៉ោងធម្មតាស្មើគ្នា ០-០។

ទន្ទឹមជាមួយការគ្រងជើងឯកពានយុវជន CPL Cares Cup U14 2026 អ្នកគាំទ្របានបង្ហាញការចាប់អារម្មណ៍ និងស្ងើចសរសើរ ចំពោះការបង្ហាញសមត្ថភាពរបស់កូនប្រុសនាយពាក់មី ទាំង អាតួ ដែលជាប្រធានក្រុម និងប្អូនប្រុស នាគភ្លើង ដែលមានវ័យទើប ៩ឆ្នាំ តែបានបង្ហាញនូវបច្ចេកទេស និងទេពកោសល្យដ៏មុតស្រួចក្នុងការគ្រប់គ្រងបាល់ ក៏ដូចជាបញ្ចប់ទី។ ក្នុងនោះ អាតួ ថែមទាំងទទួលបានពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ទៀតផង។

គួរដឹងថា ពានរង្វាន់យុវជន U14 រៀបចំដោយ CPL នេះ ធ្វើឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា (AFC) ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី៕