មិនមែនជារឿងលួចទិន្នន័យទេ! នេះជាហេតុផលពិតធ្វើឱ្យ Sora ត្រូវដួលរលំត្រឹមរយៈពេល៦ខែ
30-03-2026 15:43
(បរទេស)៖ ការសម្រេចចិត្តរបស់ក្រុមហ៊ុន OpenAI កាលពីសប្តាហ៍មុន ក្នុងការបញ្ឈប់ដំណើរការកម្មវិធី Sora ដែលជាឧបករណ៍បង្កើតវីដេអូដោយបញ្ញាសិប្បនិម្មិត (AI) បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាសាធារណៈបានត្រឹមតែ៦ខែ បានបង្កឱ្យមានការសង្ស័យភ្លាមៗ។ កន្លងមក កម្មវិធីនេះបានតម្រូវឱ្យអ្នកប្រើប្រាស់បង្ហោះរូបថតចំពីមុខផ្ទាល់ ដែលធ្វើឱ្យមានការចោទប្រកាន់ថា តើនេះគឺជាល្បិចប្រមូលទិន្នន័យមែនដែរឬទេ?
ប៉ុន្តែយោងតាមការស៊ើបអង្កេតថ្មីមួយរបស់កាសែត Wall Street Journal (WSJ) ហេតុផលពិតប្រាកដគឺសាមញ្ញបំផុត ពោល Sora គឺជា «ធុងទឹកធ្លុះ» ដែលចាយលុយអស់ច្រើនពេក ប៉ុន្តែគ្មានអ្នកប្រើប្រាស់ ហើយការបន្តរក្សាវាទុក កំពុងធ្វើឱ្យ OpenAI ចាញ់ប្រៀបក្នុងសមរភូមិ AI។
បន្ទាប់ពីការបើកសម្ពោធយ៉ាងកក្រើក ចំនួនអ្នកប្រើប្រាស់ Sora នៅទូទាំងពិភពលោកបានហក់ឡើងដល់ចំណុចកំពូលប្រហែល ១លាននាក់ ប៉ុន្តែក្រោយមកបានធ្លាក់ចុះមកវិញយ៉ាងគំហុកនៅក្រោម ៥០០,០០០ នាក់។ ទន្ទឹមនឹងនេះ កម្មវិធីនេះបានដុតបំផ្លាញថវិកាអស់ប្រហែល ១លានដុល្លារក្នុងមួយថ្ងៃ។ មូលហេតុមិនមែនដោយសារមានអ្នកចូលចិត្តប្រើច្រើននោះទេ ប៉ុន្តែគឺដោយសារតែបច្ចេកវិទ្យាបង្កើតវីដេអូត្រូវការកម្លាំងម៉ាស៊ីនខ្លាំង និងចំណាយខ្ពស់បំផុត។ រាល់ពេលដែលអ្នកប្រើប្រាស់ម្នាក់ព្យាយាមបង្កើតវីដេអូ ពួកគេបានប្រើប្រាស់ធនធានបន្ទះឈីប AI (AI chips) ដែលមានកំណត់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ខណៈពេលដែលក្រុមការងារមួយផ្នែកធំរបស់ OpenAI កំពុងខិតខំធ្វើឱ្យ Sora ដំណើរការទៅមុខ ក្រុមហ៊ុនគូប្រជែង Anthropic បែរជាកំពុងឆក់យកបាននូវទំនុកចិត្តពីសំណាក់វិស្វករកម្មវិធី និងបណ្តាក្រុមហ៊ុនធំៗដែលជាប្រភពចំណូលដ៏សំខាន់។ ជាពិសេស ឧបករណ៍ Claude Code របស់ Anthropic កំពុងដណ្តើមទីផ្សារយ៉ាងខ្លាំងពី OpenAI (Eating OpenAI’s lunch)។ ដោយមើលឃើញពីស្ថានភាពនេះ លោក Sam Altman នាយកប្រតិបត្តិ (CEO) ក៏បានសម្រេចចិត្តភ្លាមៗ បិទ Sora ចោល ដើម្បីដោះលែងធនធានកុំព្យូទ័រ (Compute) យកមកប្រើប្រាស់លើផ្នែកផ្សេង និងផ្តោតលើការពង្រឹងសមត្ថភាពស្នូលរបស់ខ្លួនឡើងវិញ។
យោងតាម WSJ ក្រុមហ៊ុនកម្សាន្ត Disney បានព្រមព្រៀងវិនិយោគទឹកប្រាក់រហូតដល់ ១ពាន់លានដុល្លារ ក្នុងភាពជាដៃគូជាមួយ OpenAI ប៉ុន្តែពួកគេបែរជាបានដឹងអំពីព័ត៌មាននៃការបិទ Sora នេះ ត្រឹមតែមិនដល់មួយម៉ោងមុនពេលប្រកាសជាសាធារណៈប៉ុណ្ណោះ។ ជាលទ្ធផល កិច្ចព្រមព្រៀងដ៏មហិមានេះក៏ត្រូវរលាយបាត់ទៅជាមួយគ្នាដែរ និងធ្វើឱ្យក្រុមហ៊ុនយក្ស Disney បង់ខាតលុយពាន់លានដុល្លារ៕









