ផ្សារទំនើបឡាក់គី ចាប់ផ្ដើមប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីជាមួយ ក្រុមហ៊ុនដឹកជញ្ជូន វិរៈ ប៊ុនថាំ
30-03-2026 19:07
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនប្រតិបត្តិករ នៃផ្សារទំនើបឡាក់គី បានសហការជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន គឺក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនី សម្រាប់ការដឹកជញ្ជូនទំនិញ នៅទូទាំងរាជធានីភ្នំពេញ និងតាមទិសដៅបណ្តាខេត្ត ក្រុង ក្នុងកម្ពុជា។
កិច្ចសហការនេះបានចាប់ផ្តើមជាមួយនឹងការដំណើរការសាកល្បង កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ហើយបានឆ្ពោះដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅដើមឆ្នាំនេះ នឹងត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ នៅរាជធានីភ្នំពេញ ហើយនេះជាការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព សម្រាប់វិស័យលក់រាយនៅក្នុងកម្ពុជា។
ចាប់តាំងពីការចាប់ផ្ដើមគម្រោងនេះ ផ្សារទំនើបឡាក់គី បានសម្រេចនូវវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់ ក្នុងការផ្លាស់ប្តូរពីការដឹកជញ្ជូន ដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដាក់ដំណើរការរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីចែកចាយទំនិញរបស់ផ្សារទំនើបឡាក់គី នៅតាមបណ្តាសាខា ហើយការផ្លាស់ប្តូរនេះបានធ្វើឡើងប្រមាណជា៥០% នៃប្រតិបត្តិការដឹកជញ្ជូនទាំងអស់របស់ផ្សារទំនើបឡាក់គី គិតត្រឹមខែមីនា ឆ្នាំ២០២៦។
បន្តលើការអភិវឌ្ឍ នៃវឌ្ឍនភាពនេះ ផ្សារទំនើបឡាក់គី បានកំណត់គោលដៅពង្រីកការប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនី ឲ្យបានប្រមាណជា៨០% នៅត្រឹមចុងឆ្នាំនេះ។
លោក Charlie Bettencourt អគ្គនាយកប្រតិបត្តិ ផ្សារទំនើបឡាក់គី បានលើកឡើងថា «គោលដៅចម្បងរបស់ពួកយើង គឺការកែលម្អជាបន្តបន្ទាប់ដើម្បីបម្រើដល់អតិថិជនរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងអាចអនុវត្តបានក្នុងវិសាលភាពទូលំទូលាយ»។ លោកបានបន្តទៀតថា «រថយន្តអគ្គិសនី បានជួយសម្រួលដល់ការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូន ខណៈពេលដែលរក្សាបាននូវស្តង់ដាសេវាកម្មខ្ពស់ ដែលអតិថិជនរបស់យើងរំពឹងទុក។
ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការផ្តោតសំខាន់លើដំណោះស្រាយជាក់ស្តែងរបស់យើង ដើម្បីគាំទ្រទាំងការរីកចម្រើនអាជីវកម្ម និងប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាំងពីរ។
អ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានថ្លែងថា «កិច្ចសហការមួយនេះ គឺបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ ក្នុងការជំរុញមធ្យោបាយដឹកជញ្ជូន ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានបន្តទៀតថា តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យានៃរថយន្តអគ្គិសនី ជាមួយសមត្ថភាពខ្ពស់ក្នុងការដឹកជញ្ជូន យើងអាចគាំទ្រដល់តម្រូវការដឹកជញ្ជូនទំនិញទ្រង់ទ្រាយធំ ជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោក នឹម វុធដា នាយកជាន់ខ្ពស់ នៃនាយកដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់របស់ផ្សារទំនើបឡាក់គី បានបន្ថែមទៀតថា គម្រោងនៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្បាស់លាស់ដល់បរិស្ថាន។ លោកបានបន្តទៀតថា «ចាប់តាំងពីការចាប់ផ្តើម នៃគម្រោងដឹកជញ្ជូនដោយរថយន្តអគ្គិសនី កំណត់ត្រារបស់យើងបានបង្ហាញថា មានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបានប្រមាណ ៨.៣តោន តាមបណ្ដាទិសដៅដឹកជញ្ជូនដែលបានធ្វើឡើងកន្លងមក។ ពួកយើងនឹងបន្តពង្រឹងកិច្ចសហការរបស់យើងជាមួយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាពសេវាកម្ម ស្របពេលជាមួយនឹងការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានរបស់យើង»។
ការអនុវត្តការប្រើប្រាស់រថយន្តអគ្គិសនី សម្រាប់វិស័យដឹកជញ្ជូននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារទំនើបឡាក់គី ក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យកាន់តែទំនើប និងជំរុញការរីកចម្រើនប្រកបដោយចីរភាព។ ស្របពេលដូចគ្នា គម្រោងនេះនឹងជួយឲ្យក្រុមហ៊ុន បន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាពនៅទូទាំងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ក៏គាំទ្រដល់ការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន DFI Retail Group ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នកាបូនផងដែរ៕








