ធនាគារ ហត្ថា បើកសម្ពោធជាផ្លូវការសាខាព្រះនរោត្តម និងសាខារចនាថ្មីចំនួន ៨ផ្សេងទៀតក្នុងថ្ងៃជាមួយគ្នា

30-03-2026 21:22

(ភ្នំពេញ)៖ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងវិនិយោគិន បានធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព និងភាពរឹងមាំនៅក្នុងវិស័យធនាគារ កម្ពុជាជាង ៣០ឆ្នាំមកហើយនោះ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសបើកសម្ភោធជាផ្លូវការសាខាព្រះនរោត្តម ដែលស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញដែលជាបណ្តុំសេដ្ឋកិច្ចប្រទេសកម្ពុជា និងបានដាក់ឲ្យដំណើរការសាខាដែលបានរចនាថ្មីបែបទំនើបចំនួន ០៨ ផ្សេងទៀតក្នុងពេលតែមួយ។

ការដាក់សម្ពោធសាខាក្នុងពេលនេះ សរបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា បានប្តេជ្ញាចិត្តដ៏មោះមុតក្នុង ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនអតិថិជនប្រកបដោយផាសុខភាព និងនិរន្តរភាព ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុដែលជាខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ ការដាក់សម្ពោធសាខាក្នុងពេលនេះ ក៏ជាសក្ខីភាពមួយ បញ្ជាក់យ៉ាងច្បាស់ផងដែរថា វិស័យធនាគារ និងហរិញ្ញវត្ថុកម្ពុជា នៅតែបន្តមានស្ថេរភាព និងមានធន់គ្រប់គ្រាន់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបទំនុកចិត្តខ្ពស់។

សាខាធនាគារ ហត្ថា រចនាថ្មីដែលបានដាក់សម្ពោធនិងប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ រួមមាន៖ សាខាព្រះនរោត្តម, រាជធានីភ្នំពេញ, សាខាស្ទឹងមានជ័យ, រាជធានីភ្នំពេញ, សាខាទឹកល្អក់ (ផ្សារហេងលី), រាជធានីភ្នំពេញ, សាខាក្រុងតាខ្មៅ, ខេត្តកណ្តាល, សាខាម៉ៅសេងទុង, រាជធានីភ្នំពេញ, សាខាស្រុកឈូក, ខេត្តកំពត, សាខាសែនសុខ, រាជធានីភ្នំពេញ, សាខាខេត្តកោះកុង និងសាខាដូនពេញ, រាជធានីភ្នំពេញ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានមានប្រសាសន៍ថា ការវិនិយោគលើសាខារចនាថ្មីនៅពេលនេះគឺ បានបង្ហាញពីការតាំងចិត្តខ្ពស់របស់ធនាគារ ហត្ថា ក្នុងផ្តល់សេវាហិរញ្ញវត្ថុជូន អតិថិជនរបស់យើងអោយកាន់តែមានភាពងាយស្រួល កាន់តែទំនើប និងមានផាសុកភាពខ្ពស់។

លោកបានមានប្រសាសន៍ទៀតថា ម៉្យាងវិញទៀត ការវិនិយោគនេះក៏បានសរបញ្ជាក់ឱ្យឃើញផងដែរថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា នៅតែបន្តរមានភាពធន់ និងមានស្ថិរភាពយ៉ាងពេលលេញ។

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងវិនិយោគិន ដែលមានបទពិសោធន៍បម្រើសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនប្រជាជនកម្ពុជាជាង ៣០ឆ្នាំមកហើយ។ ធនាគារ ហត្ថា ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFGដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងប្រទេស ជប៉ុន និងជាស្ថាប័នធំបំផុតមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុធំៗ ទាំង១០ ក្នុងពិភពលោក។

គូសបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារធំលំដាប់ទី ៤ ក្នុងប្រទេសកម្ពុជាបើគិតទៅលើចំនួនការិយាល័យប្រតិបត្តិការ ដែលនេះ បានឆ្លុះបញ្ចាំងពីបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយរបស់ខ្លួនទូទាំងប្រទេស ដើម្បីខិតចូលកាន់តែកៀកជាមួយ អតិថិជន សម្រាប់ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាពនិងភាពរឹងមាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៕