អាល្លឺម៉ង់ យកឈ្នះហ្គាណា ក្នុងមិត្តភាព បន្តកំណត់ត្រាមិនចាញ់ឡើយ មុនទៅ World Cup 2026
31-03-2026 10:05
(បរទេស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឹម៉ង់ បានយកឈ្នះគូប្រជែងមកពីអាហ្រ្វិក ហ្គាណា ២ទល់នឹង១ នៃជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ ដែលជាកំណត់ត្រាលេងមិនចាញ់ឡើយ ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ មុនទៅលេង World Cup 2026។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន MHP Arena ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់ផងនោះ អាល្លឺម៉ង់អតីតម្ចាស់ជើងឯក World Cup ចុងក្រោយកាលឆ្នាំ២០១៤ នៅប្រេស៊ីលបានបើកការនាំមុខ ១គ្រាប់មុនដោយបាល់ពិន័យ ១១ម៉ែត្រ ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធមកពីក្លិប Arsenal គឺ Kai Havertz។
ទោះជាយ៉ាងណា ហ្គាណាអតីតជើងឯកអាហ្រ្វិក ៤សម័យកាលតាមបានស្មើ ១-១ នៅនាទី៧០ ដោយកីឡាករ Abudul Fatawu ខ្សែបម្រើជ្រើសរើសចេញពីក្លិប Leicester City ក្រោយពេល Nick Wolfermade របស់អាល្លឺម៉ង់បានតែតប៉ះចំរបារទី។
អាល្លឺម៉ង់ ក្នុងនាមក្រុមខ្លាំងនៅអឺរ៉ុប និងធ្លាប់ឈ្នះ World Cup ៤សម័យកាលស្មើនឹងអ៉ីតាលីផងនោះ បន្តរកបានគ្រាប់ជ័យជម្នះ ២-១ នៅខ្វះ ២នាទីដល់ម៉ោងបញ្ចប់ការប្រកួត ដែលជាការធ្វើបានសម្រេចដោយកីឡាករបម្រុង Deniz Undav ខ្សែប្រយុទ្ធកោះហៅពីក្លិប Stuttgart បន្ទាប់ពីរកបាន ១៨គ្រាប់ក្នុងលីគ Bundesliga រដូវកាលនេះ។
តាមរយៈជ័យជម្នះនេះដែរ អាល្លឺម៉ង់លេងមិនចាញ់ឡើយ ក្នុងចំណោម ២ប្រកួតមិត្តភាពអន្តរជាតិនាចុងខែមីនា ឆ្នាំ២០២៦ ក្រោយពេលឈ្នះម្ចាស់ផ្ទះស្វីស ៤-៣ កាលពីថ្ងៃសុក្រ នៅពេលហ្គាណាបានខកចិត្តក្នុងផ្ទះអូទ្រីស តាមរយៈលទ្ធផលចាញ់ដល់ទៅ ៥-១៕



