និស្សិត CamEd ៣២នាក់ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម
31-03-2026 10:23
(ភ្នំពេញ)៖ CamEd Business School បានបង្ហាញពីមោទនភាពដែលនិស្សិតជាច្រើនរូប បានទទួលជ័យលាភីលេចធ្លោ ក្នុងការប្រឡងអន្តរជាតិដែលរៀបចំឡើងដោយស្ថាប័ន ACCA ជារៀងរាល់ឆ្នាំ។ តាមរយៈការប្រឡងនេះ និស្សិតមិនត្រឹមតែទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្រិតជាតិនោះទេ ប៉ុន្តែក៏មាននិស្សិតជាច្រើនរូបនៃ CamEd Business School ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មផងដែរ។
គួរបញ្ជាក់ថា ការទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីនេះ ត្រូវប្រកួតប្រជែងយ៉ាងតឹងរឹងជាមួយនិស្សិតជាច្រើនមកពីបណ្តាប្រទេសជុំវិញពិភពលោក ដែលកំពុងសិក្សាកម្មវិធី CAT និង ACCA ដូចគ្នា។ ជាសរុប និស្សិត CamEd ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក មានចំនួនសរុប ៣២នាក់។
ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សមិទ្ធផលដ៏ល្អប្រសើរនេះ CamEd Business School បានឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សាអន្តរជាតិទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសជាដើម។ ក្នុងអំឡុងដំណើរទស្សនកិច្ចសិក្សានេះ និស្សិតមានឱកាសឈ្វេងយល់បន្ថែមអំពីប្រតិបត្តិការរបស់ក្រុមហ៊ុនអន្តរជាតិ និងទស្សនាសាកលវិទ្យាល័យល្បីៗ មួយចំនួន។
CamEd Business School ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា ដែលទទួលស្គាល់ជាអន្តរជាតិ និងបានវាយតម្លៃគុណភាពកម្រិត Platinum ពី ACCA មានទីស្នាក់ការកណ្ដាលនៅទីក្រុងឡុងដ៍ និងផ្តល់គុណវុឌ្ឍិ ACCA និង CAT ដែលទទួលស្គាល់ជាង ១៨០ ប្រទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ៕







