UEFA ដាក់ចេញតម្លៃសំបុត្រ Euro 2028 ក្នុងតម្លៃទាបបំផុត ៤០ដុល្លារ ក្នុង ១សន្លឹក

31-03-2026 10:39

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីតម្លៃសំបុត្រចូលទស្សនាព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2028 ក្នុងតម្លៃទាបបំផុតត្រឹម ៤០ដុល្លារប៉ុណ្ណោះ ក្នុង ១សន្លឹក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា តម្លៃសំបុត្រសម្រាប់ទស្សនាលេងសន្សំពិន្ទុក្នុងពូលនេះដែរ វានៅទាបជាងបើធៀបនឹងវគ្គដូចគ្នា នៅ World Cup 2026 ដែលមានដល់ទៅ ៦០ដុល្លារឯណោះ។

Euro 2028 ដែលធ្វើឡើងនៅ ៤ប្រទេសផ្សេងគ្នារួមមានអង់គ្លេស វ៉េល ស្កុតឡេន និងសាធារណរដ្ឋអៀរឡង់នោះ មានតម្លៃសំបុត្រចូលទស្សនារាងថ្លៃជាង Euro 2024 នៅអាល្លឺម៉ង់ដែលមានចាប់ពី ៣៥ដុល្លារឡើងទៅប៉ុណ្ណោះ ជាមួយនឹងចំនួនសំបុត្រ ១០,០០០សន្លឹកសម្រាប់ក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិនីមួយៗ ដ្បិតសម្រាប់ World Cup 2026 មានតែ ៤,០០០សន្លឹកសម្រាប់ ១ប្រកួត។

ជាការកត់សម្គាល់ផងដែរ UEFA បានកំណត់តម្លៃសំបុត្រប្រកួតសន្សំពិន្ទុក្នុងពូលរបស់ម្ចាស់ផ្ទះតោកំណាចអង់គ្លេស ចន្លោះពី ២២០ដល់ទៅ ៧០០ដុល្លារឯណោះក្នុង ១សន្លឹក គ្រាដែលក្រុមខ្លាំងមួយនេះ នៅមិនទាន់ស្គាល់រសជាតិពាន Euro ម្តងណាឡើយ បានត្រឹមរងជើងឯក ២សម័យកាលជាប់គ្នាប៉ុណ្ណោះនាឆ្នាំ២០២០ និងឆ្នាំ២០២៤៕