* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Meta និង Google រងការកោះហៅបន្ទាន់ ក្រោយឥណ្ឌូណេស៊ីរឹតបន្តឹងការប្រើបណ្តាញសង្គមក្រោមអាយុ ១៦ឆ្នាំ

31-03-2026 11:03

(ហ្សាកាតា)៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថលរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា រដ្ឋាភិបាលបានកោះហៅមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុនបច្ចកវិទ្យាយក្ស Meta និង Google ដើម្បីសាកសួរជុំវិញការមិនអនុវត្តតាមច្បាប់ស្តីពីការ រឹតត្បិតការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដែលបានចាប់ផ្តើមអនុវត្តពេញលេញកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

រដ្ឋាភិបាលឥណ្ឌូណេស៊ី តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមដែលចាត់ទុកថាមាន «ហានិភ័យខ្ពស់» ត្រូវបិទគណនីរបស់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំ។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានលើកឡើងថា Meta និង Google គឺជា «អង្គភាពអាជីវកម្មពីរដែលមិនបានគោរពតាមច្បាប់»។ ប្រសិនបើនៅតែបន្តខកខានអនុវត្ត ក្រុមហ៊ុនទាំងនេះអាចនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ឬរហូតដល់ការ បិទលែងឱ្យដំណើរការ (Block) នៅក្នុងប្រទេសតែម្តង។

ក្រៅពី Google និង Meta ក៏មានក្រុមហ៊ុន Roblox និង TikTok ផងដែរ ដែលស្ថិតក្នុងបញ្ជីហានិភ័យខ្ពស់។ ក្រសួងបានផ្ញើលិខិតព្រមានទៅកាន់ក្រុមហ៊ុនទាំងពីរនេះឱ្យអនុវត្តតាមច្បាប់ជាបន្ទាន់ បើមិនចង់រងការកោះហៅដូចគ្នា។ «គោលបំណងសំខាន់នៃការរឹតត្បិតនេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) និងការជក់ងប់នឹងបណ្តាញសង្គម (Addiction)។» នេះបើយោងតាម ក្រសួងទំនាក់ទំនង និងឌីជីថលឥណ្ឌូណេស៊ី

ការសម្រេចចិត្តនេះធ្វើឡើងតាមគំរូរបស់ប្រទេសអូស្ត្រាលី ដែលបានហាមឃាត់កាលពីឆ្នាំមុន ដោយសារកង្វល់អំពីផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមលើសុខភាពផ្លូវចិត្តរបស់យុវជន។ វេទិកាដែលចាត់ទុកថាមានហានិភ័យខ្ពស់ រួមមានកម្មវិធីដែលអាចឱ្យកុមារជជែកជាមួយជនប្លែកមុខ មានលក្ខណៈអូសទាញឱ្យជក់ងប់ និងមានហានិភ័យផ្លូវចិត្ត។ គិតត្រឹមឆ្នាំ២០២៥ អត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ៨០.៦៦% ហើយក្នុងចំណោមនោះ យុវជន «Gen Z» (អាយុ ១៣-២៨ ឆ្នាំ) មានអត្រាប្រើប្រាស់រហូតដល់ ៨៧.៨%។

គួរជម្រាបថា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីមានកុមារអាយុក្រោម ១៦ឆ្នាំប្រមាណ ៧០ លាននាក់ ដែលរដ្ឋាភិបាលត្រូវតែការពារសុវត្ថិភាពតាមប្រព័ន្ធឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ខាងក្រុមហ៊ុន Meta និង Google មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការកោះហៅនេះនៅឡើយទេ បើទោះបីជាកាលពីសប្តាហ៍មុន ពួកគេបានអះអាងថាបានដាក់ចេញនូវវិធានការការពារកុមាររួចហើយក៏ដោយ៕