ស្ថាប័នយក្សថ្មី៖ ប្រទេសជាង ៤០ និងអង្គការជាង ២០០ សម្រុកចូលរួមក្នុង «អង្គការទិន្នន័យពិភពលោក» របស់ចិន
31-03-2026 11:29
(បរទេស)៖ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា ប្រទេសចិនប្រកាសបង្កើត អង្គការទិន្នន័យពិភពលោក (World Data Organisation) ដែលជាស្ថាប័នវិជ្ជាជីវៈថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍ ការប្រើប្រាស់ និងអភិបាលកិច្ចទិន្នន័យឱ្យមានសណ្តាប់ធ្នាប់នៅទូទាំងសកលលោក។
គោលបំណងសំខាន់ៗនៃអង្គការនេះ៖
* បំបែករបាំងគោលនយោបាយ៖ ស្ថាប័ននេះមានបំណង «បំបែកឧបសគ្គ» ដែលបង្កឡើងដោយភាពខុសគ្នានៃគោលនយោបាយទិន្នន័យរវាងប្រទេសនីមួយៗ តាមរយៈការបង្កើតការយល់ឃើញរួមគ្នាក្នុងវិស័យឧស្សាហកម្ម។
* កាត់បន្ថយចំណាយ៖ ជួយដល់ក្រុមហ៊ុនពហុជាតិសាសន៍ក្នុងការកាត់បន្ថយការចំណាយលើការអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិទិន្នន័យ (Data Compliance) ដែលមានភាពស្មុគស្មាញ។
* ការអនុវត្តក្នុងវិស័យជាក់ស្តែង៖ បង្កើតប្រព័ន្ធអេកូឡូស៊ីតាមរយៈការយកទិន្នន័យទៅប្រើប្រាស់ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យសុខាភិបាល, ការអប់រំ និងថាមពល ដើម្បីជំរុញការច្នៃប្រឌិតថ្មីៗក្នុងវិស័យឧស្សាហកម្ម។
លោក Tan Tieniu ប្រធានអង្គការទិន្នន័យពិភពលោក បានលើកឡើងថា ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានធ្វើឱ្យ «ទិន្នន័យ» ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។ ដូច្នេះ វាទាមទារឱ្យមានវេទិកាមួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងទិន្នន័យទាំងនេះ។ «យើងត្រូវការវេទិកាសកលមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃទិន្នន័យ ខណៈដែល AI កំពុងផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចពិភពលោក»។ នេះជាសំដីរបស់លោក Tan Tieniu។
បច្ចុប្បន្ន អង្គការនេះទទួលបានការគាំទ្រ និងមានសមាជិកច្រើនលើសលប់ ពោលមានជាង ២០០ស្ថាប័ន មកពីប្រទេសជាង ៤០។ រួមមានក្រុមហ៊ុនឯកជន, សកលវិទ្យាល័យ, ក្រុមអ្នកស្រាវជ្រាវ (Think Tanks), អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ។ គ្របដណ្តប់លើ វិស័យហិរញ្ញវត្ថុ, វេជ្ជសាស្ត្រ, ថាមពល, អ៊ីនធឺណិត និងឧស្សាហកម្មយានយន្តជាដើម។ ការបង្កើតអង្គការនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រថ្មីមួយរបស់ប្រទេសចិន ក្នុងការដើរតួនាទីជាអ្នកដឹកនាំលើការកំណត់ស្តង់ដារទិន្នន័យពិភពលោក ក្នុងយុគសម័យឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន៕








