Instagram កំពុងតេស្តមុខងារបង់ប្រាក់ ២ដុល្លារ ដើម្បីមើល Story គេបានដោយលាក់មុខ
31-03-2026 13:29
(បរទេស)៖ ក្រុមហ៊ុន Meta បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ខ្លួនកំពុងសាកល្បងគម្រោងបង់ប្រាក់ (Subscription) ថ្មីនៅលើ Instagram ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានមុខងារពិសេសៗ។ មុខងារដែលទាក់ទាញបំផុតនោះគឺ ការអនុញ្ញាតឱ្យអ្នកបង់ប្រាក់អាចចូលមើល Story របស់អ្នកដទៃបានដោយ «លាក់កំបាំង» (Discreetly view) ពោលគឺម្ចាស់ Story នឹងមិនដឹងថាអ្នកបានមើលឡើយ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចកំណត់សិទ្ធិថា តើនរណាខ្លះដែលអាចមើលរូបភាព ឬវីដេអូក្នុង Story របស់ខ្លួនបានកាន់តែច្បាស់លាស់ជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta ម្នាក់បានលើកឡើងថា គម្រោងថ្មីនេះកំពុងត្រូវបានសាកល្បងនៅក្នុង «ប្រទេសមួយចំនួនតូចជុំវិញពិភពលោក» ដោយមិនទាន់ផ្ដល់ព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពី TechCrunch បានឱ្យដឹងថា ប្រទេសទាំងនោះរួមមាន ជប៉ុន ម៉ិកស៊ិក និងហ្វីលីពីន ដោយតម្លៃសេវាកម្មនេះគឺប្រហែល ២ ដុល្លារក្នុងមួយខែ ប៉ុណ្ណោះ។
គួរជម្រាបថា ការឈានជើងចូលទីផ្សារបង់ប្រាក់នេះ ធ្វើឡើងបន្ទាប់ពីបណ្ដាញសង្គមគូប្រជែងដូចជា Snapchat និង X (អតីត Twitter) បានជោគជ័យយ៉ាងខ្លាំងលើសេវាកម្ម Premium របស់ពួកគេ។ ជាក់ស្ដែង Snapchat ទើបតែរាយការណ៍ថា ពួកគេមានអ្នកបង់ប្រាក់ប្រចាំខែជាង ២៥ លាននាក់ និងកំពុងឈានទៅរកការរកចំណូលបាន ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯ Instagram វិញ កន្លងមកមានតែ Content Creators ប៉ុណ្ណោះដែលមានសិទ្ធិបង្កើតគម្រោងបង់ប្រាក់សម្រាប់ហ្វេនៗ ប៉ុន្តែពេលនេះ Meta កំពុងពង្រីកវាទៅដល់អ្នកប្រើប្រាស់ទូទៅតែម្ដង៕











