«កុំឱ្យច្រឡំ! មុនចង់ទិញឡានអគ្គិសនី+សាំង ត្រូវយល់ឱ្យច្បាស់ពីភាពខុសគ្នាដាច់ស្រឡះរវាងបច្ចេកវិទ្យា EREV និង PHEV»

31-03-2026 13:43

(ភ្នំពេញ)៖ ខណៈពេលដែលបច្ចេកវិទ្យាយានយន្តអគ្គិសនីកំពុងមានការរីកចម្រើនខ្លាំង អ្នកប្រើប្រាស់ជាច្រើនប្រាកដជាធ្លាប់ឮពាក្យ EREV និង PHEV។ ទោះបីជាប្រភេទរថយន្តទាំងពីរនេះសុទ្ធតែមានរន្ធសាកភ្លើង និងប្រើប្រាស់សាំងដូចគ្នា ប៉ុន្តែពួកវាមានចំណុចខុសគ្នាដាច់ស្រឡះដែលអ្នកគួរដឹង។

កម្រិតនៃការពឹងផ្អែកលើម៉ូទ័រអគ្គិសនី EREV ដែលមានឈ្មោះពេញ (Extended Range Electric Vehicle) គឺប្រើម៉ូទ័រអគ្គិសនី ១០០% ក្នុងការបង្វិលកង់ ហើយម៉ាស៊ីនសាំងដែលមានស្រាប់ តែវាមានតួនាទីត្រឹមតែជា "ម៉ាស៊ីនភ្លើង" (Generator) ដើម្បីសាកបញ្ចូលទៅក្នុងអាគុយប៉ុណ្ណោះ វាមិនបានតភ្ជាប់ទៅកាន់កង់ដោយផ្ទាល់ឡើយ។ EREV ជាទូទៅបំពាក់អាគុយធំ (ចន្លោះពី 30kWh ទៅ 50kWh) ដែលអនុញ្ញាតឱ្យរថយន្តរត់ដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយចន្លោះពី ១៥០ ទៅ ៣០០គីឡូម៉ែត្រ មុនពេលម៉ាស៊ីនសាំងចាប់ផ្ដើមធ្វើការវិញ ។ ហើយបើអ្នកស្វែករកកន្លែងសាកភ្លើងមិនបាន អ្នកគ្រាន់តែចូលចាក់សាំងនោះឡាននឹងអាចបន្តដំណើរទៅមុខបានរាប់រយគីឡូម៉ែត្រទៀតភ្លាមៗ។

ខណៈបច្ចេកវិទ្យា PHEV ដែលមានឈ្មោះពេញ (Plug-in Hybrid Electric Vehicle) គឺអាចប្រើទាំងម៉ូទ័រអគ្គិសនី និងម៉ាស៊ីនសាំង រួមគ្នាដើម្បីបង្វិលកង់ក្នុងពេលតែមួយ ដែលស្ថិតក្នុងក្នុងល្បឿនលឿន ឬពេលឡើងទួលខ្លាំង ម៉ាស៊ីនសាំងនឹងជួយរុញកង់ដោយផ្ទាល់តែម្ដង និងមានអាគុយតូចជាង (ចន្លោះពី 10kWh ទៅ 25kWh) ហើយអាចរត់ដោយប្រើកម្លាំងអគ្គិសនីសុទ្ធបានចម្ងាយខ្លីជាង (ប្រហែល ៥០ - ១០០ គីឡូម៉ែត្រ) បន្ទាប់មកវានឹងប្ដូរទៅប្រើប្រព័ន្ធ Hybrid (សាំង+អគ្គិសនី)។

ជាការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍នៃការបើកបរ (Driving Experience) បច្ចេកវិទ្យា EREV គឺផ្ដល់អារម្មណ៍ដូចជិះរថយន្តអគ្គិសនី (EV) សុទ្ធសាធ ព្រោះវាស្ងាត់និងស្ទុះខ្លាំងភ្លាមៗ និងមិនមានការរំញ័រខ្លាំងពីការប្ដូរលេខ ឬការបញ្ឆេះម៉ាស៊ីនឡើយ។
ដោយឡែក PHEV គឺធ្វើឱ្យអ្នកកាន់ដៃចង្កូតមានអារម្មណ៍នៃការបើកបរប្រែប្រួលទៅតាមរបៀបប្រើប្រាស់ នៅពេលម៉ាស៊ីនសាំងបញ្ឆេះដើម្បីជួយរុញកង់ អ្នកបើកបរអាចមានអារម្មណ៍រំញ័រ ឬឮសំឡេងម៉ាស៊ីនខ្លាំងជាងប្រភេទ EREV តែបច្ចេកវិទ្យាទាំងពីនេះ គឺជួយសន្សំសំចៃដូចគ្នា ៕