អូស្ត្រាលី ចេញមុខព្រមានធ្ងន់ៗ និងស៊ើបអង្កេតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៥ ជុំវិញការរឹតបន្តឹងអាយុលើបណ្តាញសង្គម

31-03-2026 15:57

(បរទេស)៖ អាជ្ញាធរត្រួតពិនិត្យអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី បានប្រកាសបើកការស៊ើបអង្កេតលើបណ្តាញសង្គមយក្សចំនួន ៥ រួមមាន Facebook, Instagram, Snapchat, TikTok និង YouTube ក្រោមការសង្ស័យថាបានល្មើសនឹងច្បាប់ថ្មី ដែលហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់។ នេះគឺជាចំណាត់ការដ៏តឹងរ៉ឹងបំផុតលើពិភពលោក ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាពកុមារនៅលើប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតា​មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

លោកស្រី Julie Inman Grant ស្នងការផ្នែកសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (eSafety Commissioner) បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុនខ្លះហាក់ដូចជាធ្វើមិនទាន់បានគ្រប់គ្រាន់តាមច្បាប់កំណត់នោះទេ។ លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខណៈដែលបណ្តាញសង្គមមួយចំនួនបានចាប់ផ្តើមអនុវត្តវិធានការដំបូងៗ ប៉ុន្តែខ្ញុំបារម្ភថាពួកគេនៅធ្វើមិនទាន់បានល្អគ្រប់គ្រាន់ឡើយ... ឥឡូវនេះ យើងកំពុងឈានទៅរកការអនុវត្តវិធានការបង្ខំឱ្យគោរពតាមច្បាប់ហើយ»។ អាជ្ញាធរកំពុងប្រមូលភស្តុតាងយ៉ាងសកម្ម ហើយការសម្រេចចិត្តដាក់ពិន័យនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៦ នេះ។

តាមច្បាប់ថ្មីនេះ ក្រុមហ៊ុនណាដែលរកឃើញថាមានកំហុស នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់រហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី (ប្រហែល ៣៤ លានដុល្លារ)។ ចំណែកឯតំណាងក្រុមហ៊ុន Meta និង Snap បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពតាមច្បាប់ ប៉ុន្តែ Meta ក៏បានកត់សម្គាល់ដែរថា បច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុនៅមានកម្រិតបច្ចេកទេសខ្លះ ដែលពិបាកក្នុងការកំណត់ឱ្យបានសុក្រឹត ១០០% ជុំវិញការកំណត់អាយុ ១៦ ឆ្នាំនេះ។

គួរជម្រាបថា ការស៊ើបអង្កេតរបស់អូស្ត្រាលីលើកនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកបង្កើតច្បាប់នៅជុំវិញពិភពលោក។ ប្រសិនបើបណ្តាញសង្គមយក្សទាំងនេះមិនអាចអនុវត្តតាមបានទេ វាអាចនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់រដ្ឋាភិបាលនៃប្រទេសដទៃទៀត ដែលកំពុងពិចារណាដាក់ចេញច្បាប់រឹតបន្តឹងស្រដៀងគ្នានេះ ដើម្បីការពារយុវជនជំនាន់ក្រោយ៕