លោកបណ្ឌិត ថោង ខុន តំណាងសម្ដេចបវរធិបតី កោតសរសើរដល់ចលនាប៉ារ៉ាឡាំពិកកម្ពុជា និងជំរុញបន្ដរួមគ្នា ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩

31-03-2026 16:04

(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ចលនាប៉ារ៉ាឡាំពិកកម្ពុជា និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បន្ដកិច្ចសហការ និងរួមគ្នា ជំរុញសកម្មភាពកីឡាជនពិការនៅកម្ពុជា ត្រៀមចូលរួម និងរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ នៅកម្ពុជាខាងមុខ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

លោកបណ្ឌិត ថោង ខុន បានបង្ហាញនូវមោទនភាព ជាមួយភាពរីកចម្រើន និងស្នាដៃសម្រេចបានក្នុងឆ្នាំ២០២៥ របស់ NPCC តាមរយៈការបង្ហាញសមត្ថភាព និងសក្ដានុពលរបស់អត្តពលិកមានពិការភាពរបស់កម្ពុជា ដែលបាននាំមកនូវកិត្តិយស កិត្តិសព្ទជូនជាតិ និងប្រជាជន ទាំងក្នុង និងក្រៅប្រទេស ដោយការចូលរួមខិតខំយ៉ាងស្វិតស្វាញបង្ហាញនូវសមត្ថភាព និងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិជាច្រើនគួរជាទីមោទនៈ។

សមិទ្ធផលទាំងអស់ កើតឡើងដោយសារការដឹកនាំ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពី សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្ដដឹកនាំប្រកបដោយជីវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនមានពិការភាព ក្នុងនោះអត្តពលិកមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងផងដែរ។

ទន្ទឹមជាមួយភាពរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ក្រោយមហាជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះដែរ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា មានការងារជាច្រើនកំពុងរង់ចាំ ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវពួតដៃ និងសហការគ្នាជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ទាំងចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិក ដ្បិតវិស័យកីឡាបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ និងមូលធនមនុស្ស។

រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើសមាហរណកម្ម និងបរិយាបន្នជនមានពិការភាពទៅគ្រប់វិស័យ គ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តួយ៉ាងតាមរយៈវិស័យកីឡា។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួត សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ រួចរាល់ ដែលកំពុងបន្តនីតិវិធីរៀបចំសមាសភាពថ្នាក់ដឹកនាំតាមខ្លឹមសារអនុក្រឹត្យផងដែរ។

ការណ៍នេះក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី លោកបណ្ឌិត ថោង ខុន បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ រួមមាន៖

១. NPCC ត្រូវចាប់ផ្ដើមធ្វើការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធត្រៀមរៀបចំ ពិសេសការរៀបចំពិធីបើក-បិទផ្លូវការ ដែលនឹងបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យកម្រិតអូឡាំពិកអន្តរជាតិ ក្រោមទស្សនាទាន “ចំណាយតិចតែបង្កើតភាពអស្ចារ្យ” ដែលយើងបានអនុវត្តយ៉ាងជោគជ័យដ៏ត្រចះត្រចង់កាលពីកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

២. NPCC ត្រូវចាប់ផ្តើមធ្វើការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា និង NOCC ចាប់ពីឆ្នាំ២០២៦ នេះ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា ការអភិវឌ្ឍគុណផលកីឡា ការបណ្តុះបណ្តាលគ្រូបង្វឹក មន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស។

៣. NPCC ត្រូវធ្វើការជាប្រចាំជាមួយគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) លើអនុលោមភាពស្របតាមបទបញ្ញត្តិរបស់ APC ពិសេសការងារកំណត់ «Classification» អត្តពលិកពិការភាព និងការពិនិត្យសាធារតុដូប៉ា ដែលជាការងារស្នូលសំខាន់បំផុតសម្រាប់រៀបចំប៉ារ៉ាហ្គេម ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាការប្រតិបត្តិការការងារស្របតាមគោលការណ៍ និងធម្មនុញ្ញរបស់ APC និង IPC ។

៤. NPCC ត្រូវរៀបចំយន្តការវាយតម្លៃគុណផលបច្ចេកទេសឲ្យបានច្បាស់លាស់បំផុតលើគ្រប់ប្រភេទកីឡា និងវិញ្ញាសាគ្រោងដាក់បញ្ចូលការប្រកួត និងគុណផលអត្តពលិកចូលរួម ដែលជាមូលដ្ឋានសំខាន់បំផុតសម្រាប់រៀបចំយុទ្ធសាស្រ្តអភិវឌ្ឍគុណផលគ្រប់ជ្រុងជ្រោយសម្រាប់អត្តពលិកពិការភាពកម្ពុជាឈានទៅដណ្តើមមេដាយ។

បន្ថែមលើនេះ NPCC ក៏ត្រូវត្រៀមនូវផែនការយុទ្ធសាស្ដ្រច្បាស់លាស់ និងការវាយតម្លៃគុណផលបច្ចេកទេសលម្អិតបំផុត ដើម្បីឆ្ពោះទៅសម្រេចគោលដៅដណ្ដើមមេដាយជូនជាតិ ដូចអ្វីដែលកម្ពុជាទទួលបានជោគជ័យដ៏ធំធេងក្នុងប្រវត្តិ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយកម្ពុជាដណ្ដើមបានមេដាយលើសការរំពឹង សរុបចំនួន ២៨៣គ្រឿង (មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) និងឈរលេខ៤ ក្នុងចំណោម ១១ប្រទេស ហើយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីកីឡា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ «ឈ្នះដោយយុត្តិធម៌-ចាញ់ដោយកិត្តិយស»។

ឆ្លៀតឱកាសនោះដែរ ទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយស NPCC និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន NPCC ដែល សម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ខ្ពស់បំផុតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសបងប្អូនមានពិការភាព ដោយមិនទុកឲ្យបងប្អូនណាម្នាក់នៅឯកោ ឬមិនបានគិតគូនោះឡើយ៕