ធនាគារ «វីង» ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តបេសកកម្មវះកាត់ដល់សមាជិកគ្រួសារ មានពិការភាពមុខមាត់
31-03-2026 16:43
(ភ្នំពេញ)៖ ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រដល់បេសកកម្មវះកាត់ របស់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ២០២៦ ដែលជាកាយវិការដ៏សប្បុរស ក្នុងការចូលរួមគាំទ្រយូរអង្វែងរបស់ធនាគារខ្មែរមួយនេះ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ បេសកកម្មលើកទី១ ប្រចាំឆ្នាំ២០២៦នេះ បានប្រព្រឹត្តិកាលពីពេលថ្មីៗនេះ នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិ មកពីអង្គការ Future Smile China និង BEAM Hong Kong ព្រមទាំងមានការចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា ដើម្បីផ្តល់ការវះកាត់ជូនដល់អ្នកពិការភាពបបូរមាត់ និងក្រអូមមាត់ឆែប ក៏ដូចជារបួសដោយសារការរលាក និងពិការភាពផ្ទៃមុខផ្សេងៗទៀត។
បើពុំមានការព្យាបាលទាន់ពេលវេលាទេ ផលលំបាកនៃពិការភាពទាំងនេះ អាចប៉ះពាល់ដល់សមត្ថភាពនៃការទទួលទាន ការនិយាយស្តី និងការសិក្សារៀនសូត្រ ខណៈដែលគ្រួសារភាគច្រើន មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើការព្យាបាលដោយខ្លួនឯងឡើយ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា «នៅពេលដែលយើងអាចជួយសង្គ្រោះស្នាមញញឹមរបស់នរណាម្នាក់បាន នោះមានន័យថា យើងកំពុងផ្តល់ឱកាសឱ្យពួកគេចាប់ផ្តើមជីវិតថ្មី ដ៏ស្រស់បំព្រងមួយ ហើយរស់នៅដោយភាពថ្លៃថ្នូរនៅក្នុងសង្គម។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានរួមដំណើរជាមួយអង្គការស្នាមញញឹមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំមកកន្លងមកនេះ។ សម្រាប់យើង ភាពរីកចម្រើនពិតប្រាកដ គឺកើតចេញពីសកម្មភាពប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយជំរុញដល់កំណើនហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមសកម្មភាពជាប្រចាំ ដើម្បីលើកស្ទួយសុខុមាលភាពសហគមន៍របស់យើងផងដែរ»។
ក្រោមការឧបត្ថម្ភពីធនាគារ វីង និងដៃគូសហការដទៃទៀត បេសកកម្មក្នុងឆ្នាំនេះត្រូវបានរំពឹងថា នឹងអាចជួយព្យាបាលដល់អ្នកជំងឺប្រមាណ ២៥០ នាក់។ សមិទ្ធផលនេះ គឺជាការបន្តនូវបេសកកម្មមនុស្សធម៌ ដ៏គួរឱ្យស្ងើចសរសើរមួយ ដែលគិតចាប់តាំងពីឆ្នាំ២០១៥ មក អង្គការស្នាមញញឹមកម្ពុជា បានកែប្រែជីវិតមនុស្សបានជាង ៥.៨៣៧ នាក់ តាមរយៈការផ្ដល់សេវាព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ព្រមទាំងការគាំទ្រផ្នែកសង្គមជាបន្តបន្ទាប់ទៀតផង។
ជាផ្នែកមួយនៃបេសកកម្មនេះផងដែរ ធនាគារ វីង ក៏បានចូលរួមក្នុងកម្មវិធី «ដើរដើម្បីស្នាមញញឹម» នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ បុគ្គលិកធនាគារ វីង ប្រមាណ ៤០នាក់ ក៏បានរួមដំណើរជាមួយសមាជិកសហគមន៍ ដើម្បីរៃអង្គាសថវិកា ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ នៃការវះកាត់ស្តាឡើងវិញលើផ្ទៃមុខ ដែលសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ ពីវប្បធម៌នៃការស្ម័គ្រចិត្តដ៏រឹងមាំរបស់ធនាគារ វីង និងការជឿជាក់លើកម្លាំងសាមគ្គីភាពរួមគ្នា។
ការប្រគល់ថវិកាឧបត្ថម្ភជាផ្លូវការ បានប្រព្រឹត្តិទៅនាឱកាសអាហារសាមគ្គីភាពពេលល្ងាច កាលពីថ្ងៃទី ២២ ខែមីនា នៅសណ្ឋាគារ Empress Angkor Resort and Spa។ កម្មវិធីនេះ គឺជាការជួបជុំដ៏មានអត្ថន័យរវាងសប្បុរសជន ក្រុមគ្រូពេទ្យ និងអ្នកគាំទ្រ ដើម្បីរួមគ្នាអបអរសាទរសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា។
អង្គការស្នាមញញឹមកម្ពុជា នៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ សម្រាប់ក្រុមគ្រួសារដែលត្រូវការជំនួយ អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០១២ ៦៥៥ ៧៨៦, ០២៣ ២១១ ៤០៥ ឬ ០៩៦ ៨៤៦ ៦៩៩១។ ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមបរិច្ចាគថវិកា ដោយផ្ទាល់តាមរយៈអេប Wing Bank ឬនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស ដោយប្រើប្រាស់លេខកូដទូទាត់ ៩៩២៧ (សម្រាប់ប្រាក់រៀល) និង ៩៩២៨ (សម្រាប់ប្រាក់ដុល្លារ) ដែលថវិកាបរិច្ចាគទាំងអស់ ១០០% នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់បេសកកម្មវះកាត់នេះទាំងស្រុង។ ធនាគារ វីង នៅតែបន្តចូលរួមលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈភាពជាដៃគូរយៈយូរអង្វែង និងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គម ប្រកបដោយចីរភាព ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូប មានឱកាសរស់នៅប្រកបដោយសុខភាពល្អ មានទំនុកចិត្ត និងអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួន បានយ៉ាងពេញលេញក្នុងជីវិត៕








