យល់ដឹងកីឡា៖ FIFA បានដាក់ចេញច្បាប់មួយចំនួន សម្រាប់ព្រឹត្តិការណ៍ World Cup 2026

01-04-2026 08:24

(បរទេស)៖ សម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 សហព័ន្ធ FIFA បានដាក់ចេញនូវច្បាប់ប្រកួតមួយចំនួននៅអំឡុងប្រកួត (Law of the Game) ដែលត្រូវបានចងក្រងដោយ IFAB ដោយផ្តោតសំខាន់លើការខ្ជះខ្ជាយពេលវេលា និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ VAR ទៀតផង។

១៖ ការត្រួតពិនិត្យពេលវេលា
ការគប់ទុស និងការទាត់បាល់ចេញពីទីរបស់អ្នកចាំទី មិនឱ្យលើសពីថិរវេលា ៥វិនាទីឡើយ។ ប្រសិនបើកីឡាករប្រើពេលយូរពេក អាជ្ញាកណ្តាលនឹងពិន័យ និងផ្តល់បាល់ឱ្យក្រុមម្ខាងទៀតបោះចូលវិញ ហើយក្រុមម្ខាងទៀត នឹងទទួលបានបាល់ជ្រុង ប្រសិនបើអ្នកចាំទីប្រើពេលលើសពី ៥វិនាទី។

២៖ ច្បាប់ប្តូរកីឡាករ
គ្រប់កីឡាករទាំងអស់មានរយៈពេលត្រឹម ១០វិនាទីប៉ុណ្ណោះ ដើម្បីចាកចេញពីទីលាន។ ប្រសិនបើហួសពេល កីឡាករថ្មីដែលចូលជំនួស ត្រូវរង់ចាំនៅខាងក្រៅទីលានរយៈពេល ១នាទីសិន ទើបអាចចូលលេងបាន។

៣៖ ការព្យាបាលរបួសលើទីលាន
កីឡាករដែលទទួលបានការព្យាបាលរបួសនៅលើទីលាន ត្រូវតែនៅខាងក្រៅទីលានរយៈពេល ១នាទីពេញ បន្ទាប់ពីការប្រកួតចាប់ផ្តើមឡើងវិញ (លើកលែងតែករណីខ្លះដូចជា អ្នកចាំទី ឬកីឡាករដែលរងគ្រោះដោយសារកំហុសដែលទទួលបានកាត)។

៤៖ ការពង្រីកសមត្ថភាព VAR
ការត្រួតពិនិត្យរបស់ប្រព័ន្ធ VAR ឥឡូវនេះ អាចអន្តរាគមន៍លើករណីផ្តល់កាតលឿងទី២ ដែលនាំឱ្យមានកាតក្រហម ប្រសិនបើវាជាកំហុសឆ្គងច្បាស់លាស់។

៥៖ ការត្រួតពិនិត្យបាល់ជ្រុង
VAR អាចជួយកែតម្រូវការសម្រេចចិត្តផ្តល់បាល់ជ្រុងដែលខុស ប្រសិនបើការត្រួតពិនិត្យនោះធ្វើឡើងភ្លាមៗ និងមិនបង្កការរំខានដល់ការប្រកួត ដោយ VAR ក៏មានសិទ្ធិអាចកែតម្រូវអាជ្ញាកណ្តាល ប្រសិនបើមានការផ្តល់កាតដល់កីឡាករខុសក្រុមទៀតផង។

៦៖ ច្បាប់ និងបច្ចេកវិទ្យាផ្សេងៗ
មានតែប្រធានក្រុមប៉ុណ្ណោះដែលអាចតវ៉ា៖ មានតែប្រធានក្រុមម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅជិត និងជជែកជាមួយអាជ្ញាកណ្តាលអំពីការសម្រេចចិត្តសំខាន់ៗ។ កីឡាករផ្សេងទៀតដែលទៅឡោមព័ទ្ធអាជ្ញាកណ្តាល អាចនឹងរងកាតលឿង។

បច្ចេកវិទ្យា Offside ពាក់កណ្តាលស្វ័យប្រវត្តិ (SAOT) នឹងត្រូវប្រើប្រាស់ ដើម្បីជួយឱ្យការសម្រេចចិត្តមានភាពរហ័ស និងសុក្រឹតជាងមុន។ កាមេរ៉ាលើខ្លួនអាជ្ញាកណ្តាល អាចនឹងត្រូវបានអនុញ្ញាតឱ្យពាក់កាមេរ៉ាជាប់ខ្លួន (Body cams) ដើម្បីពង្រឹងតម្លាភាព និងសុវត្ថិភាព៕