ភ្ញាក់ផ្អើល! ត្រឹមរយ:ពេល ២០ឆ្នាំ ក្រោយឈ្នះជើងឯកឆ្នាំ២០០៦ ក្រុមខ្លាំងអ៉ីតាលី អត់បានលេង World Cup ៣លើកជាប់់ៗគ្នា
01-04-2026 10:05
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បានសាងកំណត់ត្រាដ៏ខ្មៅងងឹតមិនធ្លាប់មាននៅ World Cup តាមរយៈខកខានឡើងទៅលេងជុំចុងក្រោយ ៣លើកជាប់ៗតែម្តង គិតចាប់តាំងពីពួកគេបានឈ្នះជើងឯកចុងក្រោយនាឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់រួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមអាសូរីមួយនេះ បានឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup លើកចុងក្រោយគម្រប់លើកទី៤ កាលឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ដែលបានយកឈ្នះមាន់គកបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី តែបែរមកចាញ់បូស្នី ដោយបាល់ប៉េណាល់ទីកាត់សេចក្តីយប់មិញនេះ។
ការលេងវគ្គផ្តាច់ព្រ័ត្រនៃជម្រុះជុំចុងក្រោយប្រចាំតំបន់អឺរ៉ុប UEFA ក្នុងការស្វែងរកកៅអីទៅ World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ខ្សែប្រយុទ្ធ Moise Kean ជាអ្នករកបានគ្រាប់នាំមុខ ១គ្រាប់មុននៅនាទី១៥ នៅមុនពេលបាត់បង់ខ្សែការពារកណ្តាល Bastoni ដោយការពិន័យកាតក្រហមនៅនាទី៤១។
ការលេងតែសមាជិក ១០នាក់ទល់នឹង ១១នាក់ ជាឱកាសបូស្នីបានវាយបកតាមស្មើវិញនៅនាទី៧៩ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង និងថែម ១៥នាទី និងសម្រេចកាត់ក្តីដោយបាល់ប៉េណាល់ទី នៅពេលបូស្នីទាត់ចូល ៤គ្រាប់ ហើយអ៉ីតាលីវិញទាត់ចូលតែ ១គ្រាប់ប៉ុណ្ណោះ។
នេះមានន័យថា អ៉ីតាលីដែលមានលីគ Serie A ជាប់លេខ៣ លើលោក និងជម្រើសជាតិជាប់លេខ២ ក្នុងនាមម្ចាស់ជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឺម៉ង់ តាមពីក្រោយប្រេស៊ីល ដែលធ្លាប់ឈ្នះបាន ៥លើកច្រើនជាងគេ បានអវត្តមានពី World Cup ៣សម័យកាលចុងក្រោយជាប់គ្នា គិតចាប់តាំងពី World Cup 2014 នៅប្រទេសប្រេស៊ីលរួចមក។



