ប្រមុខ FIFA ចេញមកបញ្ជាក់ច្បាស់ៗថា អ៉ីរ៉ង់នឹងចូលរួមលេង World Cup 2026 យ៉ាងប្រាកដ
01-04-2026 10:39
(បរទេស)៖ លោក Gianni Infantino បានថ្លែងថា ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ ដែលកំពុងមានសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិកផងនោះ នឹងចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាតទៅ។
លោក Infantino បានថ្លែងប្រាប់ AFP និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «អ៉ីរ៉ង់ នឹងមានវត្តមាននៅ World Cup។ ពួកយើងពិតជារីករាយណាស់ ព្រោះអ៉ីរ៉ង់ជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ី។ ខ្ញុំសប្បាយចិត្តមែនទែន។ ការប្រកួតរបស់ពួកគេទៀតសោត នឹងបន្តធ្វើឡើងនៅសហរដ្ឋអាមេរិក ទៅតាមកាលវិភាគដដែល»។
ឆ្លងតាមការចាប់ឆ្នោត World Cup 2026 កាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក អ៉ីរ៉ង់ដែលត្រៀមលេងតំណាងទ្វីបអាស៊ី ត្រូវប្រឈមមុខនឹងណូវែលហ្សេឡង់ និងប៊ែលហ្សិកនាថ្ងៃទី១៥ និងថ្ងៃទី២១ ខែមិថុនា នៅទីក្រុង Los Angeles មុនប៉ះអេហ្ស៊ីប នៅក្នុងទីក្រុង Seattle នាថ្ងៃទី២៦ នៃខែដដែល។
គួររំលឹកផងថា ក្រោយពេលអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានសហការគ្នា វាយប្រហារតាមផ្លូវអាកាសលើប្រទេស អ៉ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលៗជាច្រើនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើឱ្យវត្តមានក្រុមបាល់ទាត់នៃប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ស្ថិតក្នុងភាពស្រពេចស្រពិលរហូតដល់រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់ចេញមកបញ្ជាក់ថា ក្រុមបាល់ទាត់របស់ពួកគេនឹងមិនចូលរួម World Cup លើកទី២៣ នោះឡើយ ដោយបារម្ភពីសុខសុវត្ថិភាព។
ប៉ុន្តែក្រោយមក ដោយភ័យខ្លាចពីការរងទណ្ឌកម្មផ្សេងៗពីការប្រកួតនៅលើឆាកអន្តរជាតិ សហព័ន្ធបាល់ទាត់អ៉ីរ៉ង់ ក៏បានដាក់សំណើទៅ FIFA សុំប្តូរទីតាំងប្រកួតពីសហរដ្ឋអាមេរិក មកលេងនៅមិចស៊ិកវិញ ប៉ុន្តែត្រូវបាន FIFA ច្រានចោល ក្រោមហេតុផលលោកនឹងពិភាក្សាជាមួយលោក Donald Trump ជុំវិញបញ្ហានេះ៕



