កក្រើកវិស័យ EV! Leapmotor ត្រៀមបញ្ចេញរថយន្តស៊េរីថ្មី "D19" បំពាក់អាគុយ EREV ធំបំផុតក្នុងលោក និងបំពាក់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 1000V

01-04-2026 10:51

(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Leapmotor បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាថ្មី ជាមួយនឹងការប្រកាសត្រៀមសម្ពោធជាផ្លូវការនូវរថយន្តស៊េរីថ្មីដែលមានកូដសម្គាល់ថា "D19" នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថា នឹងក្លាយជាសមិទ្ធផលបច្ចេកវិទ្យាដ៏អស្ចារ្យបំផុតមួយរបស់ក្រុមហ៊ុន ។

ចំណុចលេចធ្លោដែលពិភពលោកកំពុងតាមដោយយោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ម៉ូឌែលរថយន្ត Leapmotor D19 អាចនឹងមានជម្រើសបច្ចេកវិទ្យាសំខាន់ៗចំនួនពីរ ដែលជាស្ដង់ដារថ្មីនៅក្នុងវិស័យរថយន្តអគ្គិសនី
ម៉ូឌែលនេះនិងបំពាក់មកជាមួយប្រព័ន្ធ EREV ជាមួយអាគុយធំបំផុត ហើយប្រសិនបើ D19 ចេញមកជាប្រភេទរថយន្តអគ្គិសនីប្រភេទ (EREV - Extended Range Electric Vehicle) វាអាចនឹងបំពាក់នូវកញ្ចប់អាគុយដែលមានទំហំធំបំផុតមិនធ្លាប់មានសម្រាប់ប្រភេទរថយន្តនេះ នោះមានន័យថា អ្នកបើកបរអាចប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរត់បានចម្ងាយឆ្ងាយបំផុត មុនពេលម៉ាស៊ីនសាំងចាប់ផ្តើមដំណើរការដើម្បីសាកថ្មបន្ត។

Leapmotor D19 មានបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន (1000V Architecture)​ ដែលអនុញ្ញាតឱ្យការសាកថ្មធ្វើឡើងក្នុងល្បឿនលឿនបំផុត (Ultra-fast charging) ដែលបច្ចេកវិទ្យានេះត្រូវបានអ្នកបើកបរ ស្គាល់ថា ជាបច្ចេកវិទ្យាជួយកាត់បន្ថយពេលវេលារង់ចាំនៅស្ថានីយសាកថ្មបានយ៉ាងច្រើន ដែលជាដំណោះស្រាយដ៏ប្រសើរសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ។

ជាមួយការរចនា និងការបំពាក់បច្ចេកវិទ្យាឆ្លាតវ៉ៃ Leapmotor D19 ត្រូវបានគេជឿថាជាម៉ូឌែល SUV កម្រិតបង្គួរ ដែលស្ថិតក្នុងលំដាប់ខ្ពស់ជាងម៉ូឌែល C10 ឬ C16។ ហើយក្រៅពីកម្លាំងម៉ាស៊ីន និងអាគុយ រថយន្តនេះក៏នឹងបំពាក់មកនូវបន្ទះឈីបជំនាន់ចុងក្រោយ ដើម្បីគ្រប់គ្រងប្រព័ន្ធកម្សាន្ត និងសុវត្ថិភាពនៃតួររថយន្ត មានសមត្ថភាពបើកបរស្វ័យប្រវត្តិ ពីការបំពាក់សេនស័រ LiDAR និងបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ ដើម្បីផ្ដល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់។

ការត្រៀមខ្លួនសម្រាប់ទីផ្សារសកល តាមរយៈកិច្ចសហការជាមួយសម្ព័ន្ធរថយន្តពិភពលោក Stellantis ក្រុមហ៊ុន Leapmotor មានគោលដៅរុញច្រានម៉ូឌែល D19 នេះ មិនត្រឹមតែសម្រាប់ទីផ្សារក្នុងប្រទេសចិននោះទេ ប៉ុន្តែគឺសម្រាប់ទីផ្សារអន្តរជាតិ រួមទាំងតំបន់អឺរ៉ុប និងអាស៊ីផងដែរ។

ខណៈការបង្ហាញខ្លួននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយដែលអ្នកតាមដានវិស័យយានយន្តអគ្គិសនីមិនគួររំលង ដើម្បីដឹងច្បាស់ពីលក្ខណៈបច្ចេកទេសផ្លូវការ និងតម្លៃ។

សូមជម្រាបផងថា សម្រាប់ម៉ូឌែល Leapmotor D19 EREV គឺដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T (BHE15-GFT) មានកម្លាំង 95kW ដែលផលិតដោយក្រុមហ៊ុន Aurobay Technology ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Group។ ខណៈម៉ូឌែលនេះមានការបំពាក់កញ្ចប់ថ្មប្រភេទ ultra-hybrid cells របស់ CATL និងគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V Fast Charging ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 500km។ ជាមួយគ្នានោះ D19 EREV មានធុងសាំងដែលអាចផ្ទុកបានចំណុះ 40L និងដំណើរការដោយម៉ូទ័រអគ្គិសនីពីរជាមួយប្រព័ន្ធបើកបរ All-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 400kW (536hp) និងកម្លាំងរមូលដល់ 7850Nm។

ហើយម៉ូឌែលពិសេស D19 Pure-EV វិញ គឺមានការគាំទ្រនូវបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងបំផុតដល់ 1000V ដំណើរការដោយម៉ូទ័រអគ្គិសនីដែលផលិតដោយក្រុមហ៊ុន Jinhua Leap Power Technology ផលិតកម្លាំងបាន 180kW និង 230kW មានការគាំទ្រនិងដំណើរការដោយកញ្ចប់ថ្មទំហំ 115kWh (Hybrid cell technology) របស់ក្រុមហ៊ុន CATL អាចសាកភ្លើងពេញម្តងបើកបានចម្ងាយ 720km ធ្វើឱ្យ D19 EV អាចផលិតកម្លាំងសរុបបានដល់ 724hp និងកើនកម្លាំងរមួលដល់ 8770N.m៕