តើអាចសាកថ្មឡាន EV ពេលមេឃភ្លៀងបានទេ? មកដឹងពីអាថ៌កំបាំងសុវត្ថិភាព និងការប្រុងប្រយ័ត្នដែលអ្នកបើកបរមិនគួររំលង!

01-04-2026 11:45

(ភ្នំពេញ)៖ ជាទូទៅការសាកថ្មរថយន្តអគ្គិសនី (EV) នៅពេលមេឃកំពុងភ្លៀងគឺ អាចធ្វើទៅបាន និងមានសុវត្ថិភាព ព្រោះក្រុមហ៊ុនផលិតរថយន្ត និងអ្នកបង្កើតស្ថានីយសាកថ្មបានរចនាប្រព័ន្ធការពារជម្រាបទឹកយ៉ាងម៉ត់ចត់ (ស្ដង់ដារ IP66 ឬ IP67)។ ទោះជាយ៉ាងណាក៏ដោយ ក៏មានចំណុចដែលគួរយល់ដឹងមួយចំនួនផងដែរ ។

ទី១៖ ចំណុចវិជ្ជមានដែលផ្តោលលើលក្ខខណ្ឌសុវត្ថិភាព និងភាពងាយស្រួល ជាមួយការបំពាក់ប្រព័ន្ធការពារខ្ពស់ទៅលើដុំសាក និងរន្ធសាកថ្មត្រូវបានរចនាឡើងដើម្បីការពារទឹក និងធូលី ដោយទោះបីជាមានទឹកភ្លៀងតិចតួចហូរចូល ក៏វាមិនបង្កឱ្យឆ្លងចរន្តអគ្គិសនីដែរ។
ហើយមុខងារកាត់ផ្តាច់ចរន្តស្វ័យប្រវត្តិ លើប្រព័ន្ធសាកថ្មមានសេនស័រវៃឆ្លាតបើមានការឆ្លងចរន្ត ឬមានអ្វីមិនប្រក្រតី វានឹងកាត់ផ្តាច់ចរន្តអគ្គិសនីភ្លាមៗ មុនពេលវាបញ្ជូនថាមពលទៅកាន់ឡាន។ ដោយត្រូវបានសម្គាល់ថា ការសាកថ្មឡាន EV នៅពេលភ្លៀងមានសុវត្ថិភាពខ្ពស់ ព្រោះគ្មានចំហាយឥន្ធនៈដែលអាចបង្កជាអគ្គិភ័យឡើយ ជាងរថយន្តប្រើប្រាស់ថាមពលប្រេងសាំង។

ទី២៖ ចំណុចអវិជ្ជមានដោយសម្គាល់លើហានិភ័យ និងការប្រុងប្រយ័ត្ននៅពេលផ្គររន្ទះខ្លាំង បើទោះជាប្រព័ន្ធការពារទឹកល្អ ប៉ុន្តែបើមេឃភ្លៀងខ្លាំងមានផ្គររន្ទះ គួរតែជៀសវាងការសាកថ្ម (ជាពិសេសនៅស្ថានីយក្រៅអគារ) ព្រោះរន្ទះអាចបង្កឱ្យលើសចរន្ត (Power Surge) ខូចប្រព័ន្ធភ្លើងឡាន ហើយទាក់ទងនិងភាពសើមនៅក្បាលសាក បើអ្នកទុកឱ្យទឹកភ្លៀងចូលក្នុង "រន្ធក្បាលសាក" ឬ "រន្ធឡាន" ច្រើនពេកមុនពេលដោតបញ្ចូល វាក៏អាចធ្វើឱ្យម៉ាស៊ីនបង្ហាញការបដិសេធការសាកថ្ម (Charging Error)។
ជារួមការប្រើដុំសាកខុសស្ដង់ដារ ដូចជាការប្រើខ្សែសាកតៗគ្នា ឬដុំសាកដែលគ្មានស្ដង់ដារការពារទឹក (Home-made cables) នៅពេលភ្លៀង គឺជាគ្រោះថ្នាក់ដ៏ធំ។

គន្លឹះសុវត្ថិភាពបន្ថែមពេលសាកថ្មពេលភ្លៀង៖
ទី១៖ សូមពិនិត្យមើលក្បាលសាក មុននឹងដោត ត្រូវប្រាកដថាគ្មានទឹកដក់ជោកជាំខ្លាំងនៅក្នុងរន្ធសាក។
ទី២៖ ត្រូវជៀសវាងកុំឱ្យក្បាលសាកធ្លាក់ទៅក្នុងថ្លុកទឹក ឬមានការសើមទឹកខ្លាំង។
ទី៣៖ ប្រើស្ថានីយដែលមានដំបូល បើអាចគួរជ្រើសរើសស្ថានីយសាកដែលមានដំបូលការពារ ដើម្បីភាពងាយស្រួលដល់អ្នក និងរថយន្ត។
ទី៤៖ ជូតដៃឱ្យស្ងួត មុននឹងប៉ះពាល់ឧបករណ៍អគ្គិសនី រៀបចំសំអាតដៃឱ្យស្ងួតតាមដែលអាចធ្វើទៅបាន។

សូមជម្រាបផងថា ក្នុងការសាកថ្មរថយន្ត EV ពេលមេឃកំពុងភ្លៀង គឺអាចធ្វើបានធម្មតា ក៏ប៉ុន្តែត្រូវផ្អាកភ្លាមបើមានផ្គររន្ទះបាញ់ខ្លាំង ដើម្បីសុវត្ថិភាពគ្រឿងអេឡិចត្រូនិចក្នុងរថយន្តរបស់អ្នក ៕