Apple កំពុងធ្វើតេស្តសមត្ថភាពបញ្ជាច្រើនក្នុងពេលតែមួយនៅលើ Siri និងត្រៀមប្រែក្លាយខ្លួនជា AI Chatbot ដ៏ឆ្លាតវៃ

01-04-2026 15:43

(បរទេស)៖ ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសមត្ថភាពពិសេសសម្រាប់ Siri ដែលអនុញ្ញាតឱ្យជំនួយការសំឡេងមួយនេះ អាចដំណើរការសំណើ ឬទទួលបញ្ជាច្រើនក្នុងពេលតែមួយបាន។ យោងតាមរបាយការណ៍ពី Bloomberg មុខងារថ្មីនេះនឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយគឺ iOS 27 ដែលគ្រោងនឹងចេញផ្សាយនៅចុងឆ្នាំនេះ ដើម្បីដេញតាមឱ្យទាន់បច្ចេកវិទ្យា AI របស់គូប្រជែង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ Apple បានសហការនាំយកបច្ចេកវិទ្យា AI ម៉ូឌែល Gemini របស់ Google មកពង្រឹងសមត្ថភាព Siri ឱ្យកាន់តែខ្លាំង។ ការធ្វើបច្ចុប្បន្នភាពដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ពិភពលោក (WWDC) នាថ្ងៃទី៨ ខែមិថុនាខាងមុខ ក្នុងគោលបំណងស្រោចស្រង់ប្រជាប្រិយភាព បន្ទាប់ពីការចេញផ្សាយ Apple Intelligence កាលពីឆ្នាំ២០២៤ ទទួលបានការគាំទ្រមិនសូវខ្លាំង។

លើសពីនេះ Apple មានផែនការផ្លាស់ប្តូរមុខមាត់ Siri ទាំងស្រុង ឱ្យទៅជា AI Chatbot កម្រិតខ្ពស់ក្រោមឈ្មោះសម្ងាត់ថា «Campos»។ វានឹងត្រូវបង្កប់យ៉ាងជ្រៅទៅក្នុងប្រព័ន្ធប្រតិបត្តិការ iPhone, iPad និង Mac ហើយថែមទាំងអាចបើកផ្លូវឱ្យប្រើប្រាស់សេវាកម្ម AI ពីក្រុមហ៊ុនផ្សេងៗទៀតក្រៅពី ChatGPT ទៀតផង។ ការកែប្រែនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីឱ្យ Apple ក្លាយជាអ្នកដឹកនាំក្នុងសង្វៀន AI ឡើងវិញ៕»