យល់ដឹងកីឡា៖ មូលហេតុសំខាន់ៗដែលក្រុមខ្លាំងអ៉ីតាលី អត់មានកៅអីលេង World Cup ៣សម័យជាប់ៗគ្នា
02-04-2026 08:08
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បានបន្តខកខានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ចំនួន ៣លើកជាប់ៗគ្នា ពោលគឺនៅឆ្នាំ២០១៨, ២០២២ និងឆ្នាំ២០២៦ ដោយសារមូលហេតុសំខាន់ៗដូចខាងក្រោម ក្នុងនាមអតីតជើងឯក ៤សម័យកាល និងរងជើងឯក ២លើកផងដែរ។
១. ការខកខានក្នុងឆ្នាំ២០២៦ (World Cup 2026)
ជាលទ្ធផលអាសូរីអ៉ីតាលី បានចាញ់គូប្រជែងបូស្នី និងហឺហ្សេហ្គោវីណា ក្នុងវគ្គជម្រុះផ្តាច់ព្រ័ត្រតំបន់អឺរ៉ុប តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៤-១ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងថែម ១៥នាទី ២ដង។
មូលហេតុបច្ចេកទេសលើទីលានវិញ កីឡាករការពារកណ្តាល Alessandro Bastoni ទទួលបានកាតក្រហមនៅនាទីទី៤១ ដែលធ្វើឱ្យអ៉ីតាលី ត្រូវលេងក្នុងស្ថានភាពមានសមាជិកតែ ១០នាក់ចាប់ពីចុងវគ្គទី១ មក និងមានចន្លោះប្រហោងផងដែរនៅតំបន់ការពារ។
២. ការខកខានក្នុងឆ្នាំ២០២២ (World Cup 2022)
អ៉ីតាលី បានចាញ់ ម៉ាសេដូនដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះ (Play-off) ប្រចាំតំបន់អឺរ៉ុបទៀត បើទោះបីជាក្រុមអាសូរីមួយនេះ ទើបតែឈ្នះពាន Euro 2020 ក៏ដោយ។ ក្នុងវគ្គជម្រុះ World Cup ពួកគេបានធ្វើឱ្យរបូតពិន្ទុជាច្រើន ដោយក្នុងនោះដែរលេងស្មើ ៤ដង ក្នុងចំណោម ៥ប្រកួតចុងក្រោយក្នុងពូល និងខ្វះខាតខ្សែប្រយុទ្ធដែលមានសមត្ថភាពបញ្ចប់ទីបានល្អ។
៣. ការខកខានក្នុងឆ្នាំ២០១៨ (World Cup 2018)
អ៉ីតាលី បានចាញ់ស៊ុយអែត ដោយលទ្ធផលសរុបទាំង ២ជើងគឺ ១-០ ដោយស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Gian Piero Ventura ត្រូវបានរិះគន់យ៉ាងខ្លាំង ចំពោះការរៀបចំក្បួនយុទ្ធសាស្ត្រមិនបានល្អ និងការមិនដាក់កីឡាករដែលមានទម្រង់លេងល្អឱ្យចូលប្រកួតជាដើម៕



