អូស្ត្រាលី ចាប់ដៃគូជាមួយក្រុមហ៊ុនយក្ស Anthropic ដើម្បីតាមដានឥទ្ធិពល AI លើទីផ្សារការងារ
02-04-2026 09:39
(បរទេស)៖ ក្រុមហ៊ុន Anthropic នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថាខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចែករំលែកទិន្នន័យសន្ទស្សន៍សេដ្ឋកិច្ចជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងជួយតាមដានការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់របស់វាទៅលើកម្មករ និងការងារ។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដែលជាអ្នកបង្កើតកម្មវិធី Claude មួយនេះ នឹងចែករំលែកនូវរបកគំហើញនានាអំពីសមត្ថភាព និងហានិភ័យនៃម៉ូដែល AI ដែលកំពុងលេចធ្លោ ចូលរួមក្នុងការវាយតម្លៃសុវត្ថិភាពរួមគ្នា និងសហការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យនានាក្នុងប្រទេសអូស្ត្រាលី។ បន្ថែមពីនេះ Anthropic បានបញ្ជាក់ថា ខ្លួននឹងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ (Data Centre) និងថាមពលនៅទូទាំងប្រទេសអូស្ត្រាលីផងដែរ។ «ការវិនិយោគរបស់អូស្ត្រាលីលើសុវត្ថិភាព AI បានធ្វើឱ្យប្រទេសនេះក្លាយជាដៃគូដ៏សក្តិសមសម្រាប់ការអភិវឌ្ឍ AI ប្រកបដោយការទទួលខុសត្រូវ»។ នេះជាសំដីរបស់លោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានលើកឡើងក្នុងទីក្រុង Canberra ជាកន្លែងដែលលោកត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Anthony Albanese។
ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង៖
* ការចែករំលែកទិន្នន័យ៖ ផ្ដល់ព័ត៌មានអំពីរបៀបដែល AI ប៉ះពាល់ដល់ទីផ្សារការងារ។
* សុវត្ថិភាព និងការស្រាវជ្រាវ៖ សហការជាមួយសាកលវិទ្យាល័យ និងចូលរួមវាយតម្លៃហានិភ័យបច្ចេកវិទ្យា។
* ការវិនិយោគ៖ ពង្រីកការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងប្រភពថាមពល។
កិច្ចព្រមព្រៀងនេះ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងអ្វីដែលក្រុមហ៊ុនបានធ្វើជាមួយវិទ្យាស្ថានសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។
បច្ចុប្បន្ន ប្រទេសអូស្ត្រាលីមិនទាន់មានច្បាប់ជាក់លាក់ណាមួយសម្រាប់គ្រប់គ្រង AI នៅឡើយទេ។ រដ្ឋាភិបាលបក្សពលករ (Labor government) បានបញ្ជាក់ថា ខ្លួននឹងពឹងផ្អែកលើច្បាប់ដែលមានស្រាប់ ដើម្បីគ្រប់គ្រងហានិភ័យ AI ខណៈពេលដែលកំពុងដាក់ចេញនូវគោលការណ៍ណែនាំដោយស្ម័គ្រចិត្ត ចំពោះក្តីបារម្ភលើផ្នែកឯកជនភាព និងសុវត្ថិភាព។
នៅក្នុង ផែនការ AI ជាតិ ដែលបានចេញផ្សាយកាលពីខែធ្នូ រដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវដើម្បីជំរុញការប្រើប្រាស់ AI ក្នុងសេដ្ឋកិច្ច ទាក់ទាញការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ និងកសាងជំនាញ AI ដល់ពលរដ្ឋ ដើម្បីគាំទ្រដល់ការងារ នៅពេលដែលបច្ចេកវិទ្យានេះកាន់តែដើរតួយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕










