Chelsea នាំមុខគេនៅ Premier League ក្នុងនាមក្លិបចំណាយច្រើនជាងគេ ទៅលើភ្នាក់ងារទិញ-ដូរ
02-04-2026 09:50
(ឡុងដ៍)៖ បណ្តាក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានចំណាយទឹកប្រាក់សរុបបំបែកកំណត់តា្រប្រមាណ ៤៦០លានផោន ទៅលើភ្នាក់ងារទិញ-ដូរកីឡាករត្រឹមតែរយៈពេល ១២ខែប៉ុណ្ណោះ ដោយមានការកើនឡើង ១៣%។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះដែរ តោខខៀវ Chelsea បានចាយអស់ប្រមាណ ៦៥.១លានផោន ទៅលើភ្នាក់ងារទិញ-ដូរនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមដែលមានមូលដ្ឋានស្ថិតនៅភាគខាងលិចទីក្រុង London មួយនេះ បានប្រកាសពីការខាតបង់ទឹកប្រាក់មុនបង់ពន្ធប្រមាណ ២៦២លានផោននារដូវកាល ២០២៤-២៥ នៅខ្ពស់ជាងដាច់បើប្រៀបធៀបនឹង Manchester City ដែលបានខាតបង់ទឹកប្រាក់ ១៩៧.៥លានផោនកាលពីឆ្នាំ២០១១។
ក្រោយពេលការចំណាយបំបែកកំណត់ត្រា ៧៥លានផោនទៅលើភ្នាក់ងារទិញ-ដូរនារដូវកាល ២០២៣-២៤ បានកើនការចំណាយដល់ទៅ ២០០លានផោនសរុប ក្នុងរយៈពេល ៣សម័យកាលជាប់ៗគ្នារបស់ Chelsea តាមពីក្រោយដោយក្លិប Aston Villa នៅក្នុងតារាងមានចំនួន ៣៨.៤លានផោន ជាមួយនឹងការកើនឡើង ១៣.៤លានផោនរបស់ពួកគេទៀតផង៕



