ប្រយ័ត្ន! ក្រុមហ៊ុនស៊ើបការណ៍អ៊ីតាលី បន្លំធ្វើ WhatsApp ក្លែងក្លាយ ដើម្បីលួចយកការណ៍ពីអ្នកប្រើប្រាស់
02-04-2026 10:04
(បរទេស)៖ កម្មវិធី WhatsApp ដែលជាសេវាកម្មផ្ញើសាររបស់ក្រុមហ៊ុន Meta Platforms បានឱ្យដឹងថា ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់របស់អ៊ីតាលីមួយ បានបោកបញ្ឆោតអ្នកប្រើប្រាស់ប្រហែល ២០០នាក់ ឱ្យទាញយកកម្មវិធី WhatsApp ក្លែងក្លាយ ដែលត្រូវបានរៀបចំឡើង ដើម្បីលួចយកការណ៍ពីជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Meta បានបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន ASIGINT ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SIO មានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីតាលី។ គេហទំព័ររបស់ក្រុមហ៊ុន SIO បានអួតអាងថា ខ្លួនមាន «ដំណោះស្រាយ និងបច្ចេកវិទ្យាស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិត ដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងការអនុវត្តផ្ទាល់»។
WhatsApp បានលើកឡើងថា យុទ្ធនាការនេះគឺជាការ «កំណត់គោលដៅយ៉ាងច្បាស់លាស់» និងបានពឹងផ្អែកលើការបោកបញ្ឆោត ដើម្បីឱ្យជនរងគ្រោះដំឡើង «កម្មវិធីមេរោគដែលបន្លំខ្លួនជា WhatsApp»។ ក្រុមហ៊ុនមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះនោះទេ ដោយគ្រាន់តែប្រាប់ថា ពួកគេភាគច្រើនស្ថិតនៅក្នុងប្រទេសអ៊ីតាលី។
ក្រុមហ៊ុន SIO ដែលបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនជាដៃគូជាមួយ «ភ្នាក់ងារអនុវត្តច្បាប់ អង្គការរដ្ឋាភិបាល ប៉ូលីស និងភ្នាក់ងារស៊ើបការណ៍សម្ងាត់» មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ចំណែកឯក្រសួងមហាផ្ទៃអ៊ីតាលី បានបង្វែរសំណួរទៅកាន់ប៉ូលីស ប៉ុន្តែប៉ូលីសក៏មិនទាន់មានការឆ្លើយតបនៅឡើយដែរ។
គួរជម្រាបថា នេះគឺជាលើកទីពីរហើយក្នុងរយៈពេល ១៥ខែ ដែលក្រុមហ៊ុន Meta បានចេញមុខបង្ក្រាបសកម្មភាពកម្មវិធីលួចមើល (Spyware) ជាសាធារណៈនៅក្នុងប្រទេសអ៊ីតាលី។ ប្រទេសនេះ ក៏កំពុងតែដោះស្រាយផលវិបាកដែលនៅសេសសល់ពីការលាតត្រដាងកាលពីដើមឆ្នាំ ២០២៥ នូវប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ ដែលប្រើប្រាស់កម្មវិធីលួចមើលរបស់ក្រុមហ៊ុន Paragon របស់សហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមក ប្រទេសអ៊ីតាលី និងក្រុមហ៊ុន Paragon បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នាហើយ៕











