និស្សិតឥណ្ឌា បង្កើតឧបករណ៍ពន្លត់ភ្លើងដោយប្រើ «រលកសំឡេងប្រេកង់ទាប»
02-04-2026 10:41
(ភ្នំពេញ)៖ ថ្មីៗនេះ វីដេអូមួយដែលបង្ហាញពីនិស្សិតឥណ្ឌា បានបង្កើតឧបករណ៍ពន្លត់ភ្លើងដោយប្រើ «រលកសំឡេងប្រេកង់ទាប» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម។
ក្នុងវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ គេឃើញនិស្សិតពីរនាក់ កំពុងបង្ហាញឧបករណ៍មានរាងដូចបំពង់ ដែលអាចបង្កើតរលកសំឡេង ដើម្បីពន្លត់ភ្លើងតូចមួយ ដោយមិនចាំបាច់ប្រើទឹក ឬពពុះគីមី។
យោងតាមការពន្យល់ បច្ចេកវិទ្យានេះប្រើសំឡេងប្រេកង់ទាប ដើម្បីរំខានដល់ដំណើរការដុតឆេះ។ ជាទូទៅ ភ្លើងត្រូវការអង្គធាតុសំខាន់ ៣ រួមមាន អុកស៊ីសែន កំដៅ និងឥន្ធនៈ។ រលកសំឡេងអាចជួយ «រុញ» ឬបំបែកអុកស៊ីសែនចេញពីភ្លើង បណ្ដាលឲ្យភ្លើងរលត់។
បច្ចេកវិទ្យានេះ មិនមែនជារឿងថ្មីទាំងស្រុងនោះទេ។ កាលពីឆ្នាំ ២០១៥ និស្សិតមួយក្រុមនៅសហរដ្ឋអាមេរិក ក៏ធ្លាប់បានបង្កើតគំរូសាកល្បងដូចគ្នា ដោយប្រើសំឡេងប្រេកង់ប្រហែល 30 ទៅ 60 ហឺត ដើម្បីពន្លត់ភ្លើងតូចៗបានដោយជោគជ័យ។
ទោះជាយ៉ាងណា អ្នកជំនាញបានបញ្ជាក់ថា បច្ចេកវិទ្យាបែបនេះ នៅតែស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសាកល្បងប៉ុណ្ណោះ ហើយមិនទាន់អាចប្រើប្រាស់ជំនួសឧបករណ៍ពន្លត់ភ្លើងស្តង់ដារ ក្នុងស្ថានភាពអគ្គីភ័យពិតបានឡើយ។
មូលហេតុគឺថា វាអាចមានប្រសិទ្ធភាពលើភ្លើងតូចៗប៉ុណ្ណោះ ខណៈដែលភ្លើងធំត្រូវការការបញ្ជូនថាមពលខ្លាំង និងវិធីសាស្ត្រផ្សេងៗ ដូចជាទឹក ឬសារធាតុគីមី ដើម្បីបង្ក្រាបកំដៅ និងគ្របដណ្តប់ឥន្ធនៈ។
យ៉ាងណាមិញ វីដេអូនេះបានបង្ហាញពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការច្នៃប្រឌិតរបស់យុវជន ក្នុងការស្វែងរកដំណោះស្រាយថ្មីៗសម្រាប់បញ្ហាប្រចាំថ្ងៃ។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសរសើរថា វាជាគំនិតច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែជាមួយគ្នានេះ ក៏មានមតិជាច្រើនបានរំលឹកថា វាមិនគួរត្រូវបានយល់ច្រឡំថា អាចជំនួសឧបករណ៍ពន្លត់ភ្លើងស្តង់ដារបាននោះទេ៕



