Tiger Woods បោះបង់តំណែងប្រធាននៃកម្មវិធី US Ryder Cup 2027 ក្រោយផ្ទុះរឿងអាស្រូវចរាចរណ៍

02-04-2026 11:16

(បរទេស)៖ ក្របខណ្ឌ PGA របស់សហរដ្ឋអាមេរិកបានប្រកាសថា កីឡាករវាយកូនហ្គោល Tiger Woods បានបដិសេធតួនាទី ក្នុងនាមប្រធានក្រុមនៃកម្មវិធី US Ryder Cup នាឆ្នាំក្រោយ បន្ទាប់ពីរងបម្រាមគ្រោះថ្នាក់ចរាចរណ៍ពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួន និងដាក់ពិន័យផងដែរ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ តាមរយៈបើកបរក្រោមឥទ្ធិពលដែលមិនត្រូវបានបញ្ជាក់ច្បាស់កាលពីថ្ងៃសុក្រសប្តាហ៍មុន ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

ក្រោយពីការក្រឡាប់រថយន្តដោយខ្លួនឯងនេះដែរ Woods អតីតជើងឯកពានធំៗ ១៥សម័យកាលរូបនេះ បានបង្ហើបថា រូបលោកនឹងអវត្តមានពីកីឡាវាយកូនហ្គោលមួយរយៈ ដើម្បីយកពេលនេះព្យាបាលរបួស និងសុខភាពឡើងវិញ ដោយទទួលបានការអនុញ្ញាតពីចៅក្រម ក្នុងការស្វែងរកការព្យាបាលនៅបរទេសទៀតដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ PGA បានបញ្ជាក់ថា «ពួកយើងបានស្នើឱ្យ Tiger សម្រាកបានយូរ ដើម្បីស្តារស្ថានភាពសុខភាពឡើងវិញ ជាមួយនឹងការទទូច និងគាំទ្រចំពោះការសម្រេចចិត្តរបស់លោកដែរ»

នេះមានន័យថា សម្រាប់កម្មវិធី Ryder Cup 2027 ដែលធ្វើឡើងរវាង US និងអឺរ៉ុប ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញានៅឯទីលាន Adare Manor ស្ថិតក្នុងប្រទេសអៀរឡង់នោះ នឹងពុំមានវត្តមានអតីតជើងខ្លាំង Tiger Woods ឡើយ ក្រោយធ្លាប់បង្ហាញខ្លួនបាន ៨លើកជាមួយសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៧ និងចុងក្រោយបង្អស់នាឆ្នាំ២០១៨ ដោយដណ្តើមបានជើងឯកតែ ១លើកគត់នាឆ្នាំ១៩៩៩៕