ផ្អើលទីផ្សាររថយន្ត! Geely Boyue 2026 ស្តេចឡាន SUV តម្លៃធូរ តែបច្ចេកវិទ្យាខ្លាំងលើសពីការរំពឹង តើមានចំណុចពិសេសអ្វីខ្លះ?
02-04-2026 11:18
(បរទេស)៖ ក្រុមហ៊ុន Geely បានប្រកាសដាក់លក់ជាផ្លូវការហើយនូវរថយន្តប្រភេទ SUV ម៉ូឌែលថ្មី គឺ Geely Boyue EREV (ឬហៅថា Boyue REV) ដែលជាប្រភេទរថយន្តអគ្គិសនីប្រើបច្ចេកវិទ្យា (EREV)។ រថយន្តនេះក៏ត្រូវបានកំណត់ជាស្តង់ដារថ្មីក្នុងវិស័យយានយន្ត ដោយផ្តល់នូវសមត្ថភាពរត់បានចម្ងាយឆ្ងាយដ៏អស្ចារ្យ និងបច្ចេកវិទ្យាសាកថ្មលឿនបំផុតក្នុងចំណោមរថយន្តក្នុងថ្នាក់អគ្គិសនីជាមួយគ្នា។
ពាក់ព័ន្ធនិងប្រព័ន្ធថាមពល ជាមួយចម្ងាយបើកបរ (Powertrain & Range) ម៉ូឌែលរថយន្ត Boyue EREV គឺបំពាក់មកនូវប្រព័ន្ធ "Super Platinum Range Extender" ដែលរួមមានម៉ាស៊ីនសាំង ១.៥លីត្រ (សម្រាប់ជំនួយបង្កើតថាមពលអគ្គិសនី) ជាមួយនឹងម៉ូទ័រអគ្គិសនីកម្លាំង 160kW នៅផ្នែកខាងក្រោយ ហើយចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ (Pure EV Range) អាចរត់បានរហូតដល់ ៣៧៥គីឡូម៉ែត្រ (ស្តង់ដារ CLTC ប្រទេសចិន) សម្រាប់ការសាកថ្មពេញមួយម្តង។
ចម្ងាយបើកបរជារួម (Combined Range) ពេលមានសាំងពេញធុង និងថ្មពេញ Boyue EREV អាចរត់បានរហូតដល់ ១,៥២៥ គីឡូម៉ែត្រ ដោយម៉ាស៊ីនបង្កើតថាមពលមានប្រសិទ្ធភាពកម្ដៅខ្ពស់ដល់ ៤៧.២៦% ដែលអាចបង្កើតអគ្គិសនីបាន ៣.៧៧គីឡូវ៉ាត់ម៉ោង (kWh) ក្នុងសាំង ១លីត្រ។ ម៉ូឌែលនេះក៏បញ្ចូលបច្ចេកវិទ្យាសាកថ្ម និងកម្រិតសុវត្ថិភាព (Battery & Charging) មានភាពលេចធ្លោបំផុតនោះ គឺល្បឿននៃការសាកថ្មដែលលើសពីរថយន្តអគ្គិសនីសុទ្ធ (BEV) មួយចំនួនទៅទៀត ដោយការសាកថ្មលឿន (Fast Charging) អាចរង់ចាំការសាកពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
Boyue EREV ប្រើប្រាស់ថ្មប្រភេទ Aegis Gold Brick Battery ដែលមានសុវត្ថិភាពខ្ពស់កម្រិតយោធា និងមានមុខងារ V2L ដែលអាចបញ្ចេញថាមពលអគ្គិសនីទៅក្រៅបានកម្លាំង 6kW (អាចប្រើដាំស្ល ឬប្រើឧបករណ៍អគ្គិសនីពេលបោះជំរំបានយ៉ាងងាយស្រួល)។
ហើយបើមើលពីរូបរាង និងបច្ចេកវិទ្យាខាងក្នុងវិញ (Design & Tech) ចំពោះម៉ូឌែល Boyue EREV គឺមានប្រវែងតួរខ្លួន ៤,៦៨០មីលីម៉ែត្រ, ទទឹង ១,៨៩២មីលីម៉ែត្រ និងកម្ពស់ ១,៦៥០មីលីម៉ែត្រ ជាមួយគម្លាតកង់មុខទៅក្រោយប្រវែង ២,៧៧៨មីលីម៉ែត្រ។
មានបំពាក់ប្រព័ន្ធប្រតិបត្តិការ FlymeAuto ដ៏ឆ្លាតវៃ, អេក្រង់កម្សាន្តធំចំកណ្តាល និងអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខ (W-HUD) ទំហំ ១៥អ៊ីញ។ Boyue EREV ការជាន់ល្បឿនអតិបរមា ១៨៥គីឡូម៉ែត្រ/ម៉ោង និងអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលប្រហែល ៨.៤ វិនាទី
ក្រុមហ៊ុន Geely ក៏បានដាក់លក់ក្នុងទីផ្សារតម្លៃប្រកួតប្រជែងបំផុតក្នុងទីផ្សារប្រទេសចិន សម្រាប់ម៉ូឌែល ២២០គីឡូម៉ែត្រ (Electric Range) ស្ថិតក្នុងតម្លៃពិសេសចាប់ពី ១៤,៩០០ដុល្លារ (១០៧,៩០០ យន់)។ ខណៈម៉ូឌែល ៣៧៥គីឡូម៉ែត្រ មានតម្លៃប្រហែល ១៦,៧០០ដុល្លារ (១២០,៩០០ យន់)។ បើតាមសន្និដ្ឋានពីទីផ្សារ Geely Boyue EREV គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ប្រើប្រាស់រថយន្តអគ្គិសនី ប៉ុន្តែនៅមានក្តីបារម្ភលើរឿងសាកថ្ម ឬការធ្វើដំណើរផ្លូវឆ្ងាយ ដោយសារវាផ្តល់នូវចម្ងាយបើកបរដ៏លើសលប់ និងការសាកថ្មដ៏រហ័សបំផុត។






