មន្ដ្រីសហព័ន្ធ រំពឹងការប្រកួត MPL រដូវកាលទី១០ មានភាពស្វិតស្វាញ និងទាក់ទាញកាន់តែខ្លាំង
02-04-2026 12:46
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ១០ក្រុមចូលរួម ខណៈមន្ដ្រីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រំពឹងនឹងមានការប្រកួតប្រជែងខ្ពស់ និងទាក់ទាញការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីគណៈកម្មការរៀបចំ បានធ្វើកំណែទម្រង់ថ្មី នូវប្រព័ន្ធប្រកួតកាន់តែធំជាងមុន។
នេះបើតាមការលើកឡើងរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសបើកការប្រកួត MPL Cambodian រដូវកាលទី១០ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក MPL Cambodia Arena ដោយមានការចូលរួមជាសក្ខីភាព ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើថា MPL រដូវកាលនេះ ត្រូវបានរៀបចំកាន់តែប្លែក អស្ចារ្យ និងធំជាងមុន បន្ទាប់ពីស្ថាប័នអន្ដរជាតិ អនុញ្ញាតឲ្យបញ្ចូលក្រុមជើងឯកការប្រកួតកម្រិតយុវជន T. Y Media Academy និងក្រុមជើងឯកលីគនារី Queen Legends ចូលរួមប្រកួតប្រជែងជាមួយក្រុមអាជីពផ្សេងទៀត នាំឲ្យការប្រកួតឆ្នាំនេះកើនដល់ ១០ក្រុម គ្រាដែលប្រាក់រង្វាន់សរុប ត្រូវបានបង្កើនរហូរដល់ ៥ម៉ឺនដុល្លារឯណោះ។
ផ្អែកលើកត្ដាទាំងអស់នេះ លោករំពឹងថា ការប្រកួតរដូវកាលថ្មី មានការប្រកួតប្រជែងកាន់តែខ្ពស់ ហើយទាក់ទាញការគាំទ្រកាន់តែខ្លាំង ហើយជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ពិសេសកីឡាការិនី ដែលទទួលបានឱកាសចូលរួមប្រកួត MPL លើកដំបូង ជាមួយក្រុមបុរសខ្លាំងៗជាច្រើន ក្នុងការដុសខាត់សមត្ថភាពកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ។
ជាមួយគ្នាលោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក MOONTON នៅកម្ពុជា បានកោតសរសើរ និងវាយវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជានៅកម្ពុជា ទាំងបុរស និងនារី។ កត្ដានេះហើយទើបជំរុញឲ្យស្ថាប័នកម្រិតអន្ដរជាតិមួយនេះ គាំទ្រឲ្យមានក្រុមនារី ចូលរួមការប្រកួត MPL Cambodia រដូវកាលទី១០ ហើយសង្ឃឹមថា នេះជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកាន់តែមានការអភិវឌ្ឍ រីកចម្រើន និងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀត។
គួរដឹងថា ការប្រកួត MPL Cambodia 2026 នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៣ ខែមេសា ដល់ពាក់កណ្ដាលខែឧសភាខាងមុខ។ សម្រាប់ ១០ក្រុម ដែលត្រូវប្រជែងជើងឯកព្រឹត្តិការណ៍នេះ មាន ៦ក្រុម ជាក្រុមខ្លាំងរដូវកាលមុន គឺក្រុម CFU Gaming, Galaxy Legends, Pro E-Sports, Team Flash KH, ក្រុម See You Soon និងក្រុម Valhalla ។ រីឯ ២ក្រុមទៀត ឡើងមកពីវគ្គជម្រុះ គឺក្រុម Duck Rice Esports និងក្រុម Vigor Apex ខណៈ ២ក្រុមទៀត ឡើងមកពីការប្រកួត 3rd Party Tournament រួមមានក្រុម Evil Eye Esports ជើងឯក T. Y Media Academy និងក្រុមកីឡាការិនី Queen Phoenix ម្ចាស់ជើងឯក Queen Legends រដូវកាលទី៣៕










