មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅប្រទេសកម្ពុជា ដណ្ដើមជើងឯក «ENEOS ឆ្នាំ 2026» ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ បានបិទបញ្ចប់ដោយជោគជ័យ

02-04-2026 14:19

(ភ្នំពេញ)៖ កីឡាករចំនួន១៨១នាក់ បានចូលរួមប្រកួតក្នុងមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅប្រទេសកម្ពុជា ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS​ Championship ឆ្នាំ2026» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។

មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ2026» ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍នេះ រៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS (អ៉ីណូស) ប្រចាំកម្ពុជា ក្រោយការអនុញ្ញាតពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ សុខា អ្នករៀបចំការប្រណាំងម៉ូតូត្រៃ បានបង្ហាញក្ដីសោមមនស្សរីករាយដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ដោយអះអាងថា មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់ជើងឯក «ENEOS Championship ឆ្នាំ2026» ជាព្រឹត្តិការណ៍ធំជាងគេក្នុងឆ្នាំ២០២៦នេះ។ បើតាមលោក ពេជ្រ សុខា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨១នាក់។

ជាមួយគ្នានេះ លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា ការរៀបចំព្រឹត្តការណ៍នេះឡើង មិនត្រឹមតែជាការរៀបចំកម្មវិធីកម្សាន្ដសប្បាយនោះទេ ពោលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យកីឡាយានយន្ត ក៏ដូចជាវិស័យកីឡាប្រណាំងម៉ូតូត្រៃ ឲ្យកាន់តែមានភាពរីកចម្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសគោលបំណងសំខាន់ គឺផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមប្រណាំងពីសំណាក់កីឡាករអន្តរជាតិ ក៏ដូចជាការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។

លោកឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា ដើម្បីលើកកម្ពស់វិស័យកីឡាប្រណាំងម៉ូតូត្រៃនេះ ក្រុមហ៊ុន Professional Trader (Cambodia) ក៏ដូចជាក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រ និងចូលរួមរៀបចំមហាព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃ នេះជាបន្តបន្ទាប់ទៀត នាពេលអនាគត។

សូមជម្រាបជូនថា ក្រុមហ៊ុន ENEOS Corporation គឺជាក្រុមហ៊ុនថាមពលវ័យចំណាស់មួយ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុង ប្រទេសជប៉ុន ហើយបានធ្វើពាណិជ្ជកម្ម ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS ដែលជាផលិតផលមួយក្នុងចំណោម ផលិតផលជាច្រើនមកកាន់ពិភពលោក។

ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Professional Trader (Cambodia) Co., LTD សម្រាប់ទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៦កន្លងមក ហើយបានចែកទៅកាន់២៥ខេត្ត-ក្រុង តាមរយៈអតិថិជនលក់ដុំ និងរាយជាង២,០០០កន្លែង៕