លោក សៅ សុខា៖ គ្មានការបង្កើតសាលាមតេ្ដយ្យបាល់ទាត់ទេ មានតែការបណ្ដុះផ្នត់គំនិត លេងបាល់ទាត់ពីកម្រិតមត្ដេយ្យ

02-04-2026 16:20

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានគូសបញ្ជាក់ថា ពុំមានការបង្កើតសាលាមត្ដេយ្យបាល់ទាត់នោះទេ មានតែការបណ្ដុះគំនិតលេងបាល់ទាត់ដល់កុមារតូចៗពីកម្រិតមត្ដេយ្យ។ ការលើកឡើងនេះ បន្ទាប់ពីមានការភាន់ច្រឡំ និងផ្សព្វផ្សាយថា លោកទៅបង្កើតសាលាមត្ដេយ្យបាល់ទាត់ អំឡុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកាលពីចុងខែកុម្ភៈកន្លងទៅ។

ប្រធានសហព័ន្ធខាងលលើបានគូសបញ្ជាក់ជាថ្មីថា «កាលពីមហាសន្និបាតរបស់សហព័ន្ធ នាពេលកន្លងទៅ ពេលនោះ ខ្ញុំបានជម្រាបទៅអង្គមហាសន្និបាត និងសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធជាមួយការចាប់ផ្ដើមការអភិវឌ្ឍ គឺផ្នត់គំនិតលេងបាល់ទាត់ចេញពីមត្ដេយ្យសាលា ហើយពេលនោះ អ្នកសារព័ត៌មានបានយកទៅសរសេរថា ខ្ញុំទៅធ្វើសាលាមត្ដេយ្យបាល់ទាត់។ អ៊ីចឹងកុំឲ្យច្រឡំ គឺបណ្ដុះផ្នត់គំនិតលេងបាល់ទាត់ចាប់ផ្ដើមពីមត្ដេយ្យសាលាឡើងទៅ មិនមែនខ្ញុំទៅបង្កើតសាលាមត្ដេយ្យបាល់ទាត់ទេ»

ការលើកឡើងនេះដែរស្របពេល FFC បានរៀបចំកម្មវិធីធ្វើបទបង្ហាញ ស្ដីពីការអភិវឌ្ឍកីឡាបាល់ទាត់រយៈពេលវែងពីកម្រិតមត្ដេយ្យរហូតដល់ក្រុមជម្រើសជាតិ ដែលធ្វើបទបង្ហាញដោយលោក Byer Thomas Francis ដែលជាអ្នកជំនាញអភិវឌ្ឍយុវជន ហើយមានតំណាងក្លិប គ្រូបង្វឹក និងភាគីពាក់ព័ន្ធជាច្រើនចូលរួម កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្គាធិនស៊ីធី រាជធានីភ្នំពេញ។

បទបង្ហាញនេះ បានឆ្លុះបញ្ចាំងពីទស្សនៈវិស័យថ្មីរបស់សហព័ន្ធ ដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិគ្រប់កម្រិតឲ្យមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងលើឆាកអន្ដរជាតិ ប្រកបដោយកិត្យានុភាព និងគុណភាព ដែលអាចនាំមកនូវលទ្ធផលល្អប្រសើរជាងមុន។ តាមរយៈកម្មវិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏រំពឹងថា គ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានចំណេះដឹងថ្មីៗ បន្ថែមលើបទពិសោធន៍ និងចំណេះជំនាញដែលខ្លួនមាន ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅដែលសហព័ន្ធចង់បានផងដែរ៕