យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកឆ្នាំនេះ ផ្ដោតពិសេសនៅខេត្តរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់យោធាថៃ
02-04-2026 19:03
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក គឺជាកម្មវិធីសំខាន់មួយ ក្នុងផែនការយុទ្ធសាស្ដ្រដែលត្រូវបន្ដជំរុញ ពង្រឹង និងពង្រីកវិសាលភាពរៀបចំឲ្យបានទូលំទូលាយ គ្រាដែលឆ្នាំនេះ NOCC បានផ្ដោតជាពិសេស ចំពោះខេត្តទទួលរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់យោធាថៃចំនួន២ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ គឺគោរពតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ក៏ដូចជាអង្គការសាមគ្គីអូឡាំពិក (OS) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីបញ្ជ្រាបចំណេះដឹង អំពីស្មារតី និងឧត្តមគតិអូឡាំពិក ក៏ដូចជាជំរុញឲ្យយុវជន និងសិស្សានុសិស្ស ចូលរួមសកម្មភាពកីឡា ដើម្បីសុខភាព និងការអភិវឌ្ឍ។
សម្រាប់ឆ្នាំ២០២៦ នេះ NOCC នឹងបន្ដយុទ្ធនាការនេះ ដល់បណ្ដាខេត្តមួយចំនួនទៀត ពិសេសការពង្រីកការផ្សព្វផ្សាយអប់រំ ទៅដល់ខេត្តជាយដែន ពិសេសខេត្តដែលប៉ះពាល់ដោយសារការរំលោភបំពាន និងមានសង្គ្រាមតាមទល់ដែននាពេលកន្លងមក មានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលក្រុមការងារ NOCC នឹងត្រូវរៀបចំជាមួយជំនួយខាងផ្នែករៀបចំទីលានកីឡា ក្នុងសាលារៀន ដែលមានបញ្ហា ឬការខ្វះខាតក្នុងសកម្មភាពកីឡាជាដើម។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានបន្ដថា «សាលារៀនដែលមានការខ្វះខាតក្នុងសកម្មភាពកីឡា (ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) យើងនឹងធ្វើការជួសជុល កែលម្អទីលានជូន ហើយយើងក៏មានកម្មវិធីអប់រំឱ្យ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះព្យាយាមលេងកីឡា ធ្វើសកម្មភាពកីឡា និងធ្វើសកម្មភាពអប់រំកាយ និងកីឡា ដើម្បីឲ្យកុមារមានភាពរឹងមាំផ្នែកស្មារតី និងបញ្ញា ហើយមានសុខភាពល្អក្នុងការសិក្សាផងដែរ»។
ទន្ទឹមជាមួយគ្នា លោកក៏បានដាក់ក្ដីសង្ឃឹមចាប់ពីឆ្នាំនេះ ក៏ដូចជា ៤ឆ្នាំទៅមុខទៀត កម្មវិធីអប់រំគុណតម្លៃអូឡាំពិក នឹងត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបការអប់រំដល់កុមារទូទាំងប្រទេស បន្ថែមលើស្ថិតិកុមាររាប់ម៉ឺននាក់ ដែលទទួលបានចូលរួម និងទទួលបានការអប់រំកន្លងមក ក្នុងនាមចលនាដ៏សំខាន់ ដើម្បីជំរុញចលនាបង្កើតឲ្យមានសុខភាពល្អ សុខដុមរមនា សាមគ្គីភាព មិត្តភាព និងជាចលនាមួយបង្កើតឲ្យមានសន្ដិភាព និងភាពរីកចម្រើនក្នុងប្រទេសផងដែរ៕






