មោទនភាពពិភពលោក! NASA បង្ហោះយាន Artemis II នាំមនុស្សជាតិឆ្ពោះទៅកាន់ឋានព្រះចន្ទជាថ្មី ក្រោយខកខានអស់ជាង ៥០ឆ្នាំ

03-04-2026 08:58

(បរទេស)៖ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ (NASA) បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបង្ហោះរ៉ុក្កែត Space Launch System (SLS) ដែលនាំយកយានអវកាស Orion រួមជាមួយអវកាសយានិក ៤រូប ឆ្ពោះទៅកាន់ឋានព្រះចន្ទ នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ (ត្រូវនឹងព្រឹកថ្ងៃទី២ ខែមេសា នៅកម្ពុជា) ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida។ បេសកកម្ម Artemis II មិនមែនគ្រាន់តែជាការហោះហើរសាកល្បងនោះទេ ប៉ុន្តែវាគឺជា «និមិត្តរូបនៃក្តីសង្ឃឹម» និងជាការបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាចុងក្រោយបង្អស់របស់មនុស្សជាតិក្នុងការឈានជើងចូលទៅក្នុងទីអវកាសដ៏ជ្រៅ បន្ទាប់ពីការរង់ចាំអស់រយៈពេល ៥៤ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

ក្រុមអវកាសយានិកដែលត្រូវបានជ្រើសរើសសម្រាប់បេសកកម្មនេះ ឆ្លុះបញ្ចាំងពីភាពចម្រុះ និងសមត្ថភាពដ៏អស្ចារ្យ៖

* លោក Reid Wiseman (មេបញ្ជាការ): អ្នកដឹកនាំដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានីយអវកាសអន្តរជាតិ (ISS)។
* លោក Victor Glover (អ្នកបើកបរ): ជាអវកាសយានិកស្បែកខ្មៅដំបូងគេដែលធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ។
* អ្នកស្រី Christina Koch (ជំនាញការបេសកកម្ម): ស្ត្រីដំបូងគេបង្អស់ដែលធ្វើដំណើរហួសពីគន្លងផែនដី និងជាម្ចាស់កំណត់ត្រាស្ត្រីដែលរស់នៅអវកាសបានយូរជាងគេ។
* លោក Jeremy Hansen (ជំនាញការបេសកកម្ម): អវកាសយានិកជនជាតិកាណាដាដំបូងគេដែលទទួលបានឱកាសហោះហើរទៅកាន់បរិវេណព្រះច័ន្ទ។

បេសកកម្មនេះមិនមែនសំដៅលើការចុះចតផ្ទាល់លើផ្ទៃព្រះច័ន្ទនៅឡើយទេ ប៉ុន្តែវាគឺជាការធ្វើតេស្តដ៏តឹងតែងបំផុត ដោយគ្រាប់រ៉ុក្កែត SLS (Space Launch System) ដែលជាគ្រាប់រ៉ុក្កែតខ្លាំងបំផុតមិនធ្លាប់មាន បានរុញច្រានកន្សោមអវកាស Orion ឱ្យចាកចេញពីទំនាញផែនដីក្នុងល្បឿនដ៏អស្ចារ្យ។ បន្ទាប់ពីការធ្វើតេស្តប្រព័ន្ធទ្រទ្រង់ជីវិតនៅក្នុងគន្លងផែនដី Orion នឹងធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទតាមគន្លង «Free Return Trajectory»។ មានន័យថា យាននឹងប្រើកម្លាំងទំនាញរបស់ព្រះច័ន្ទ ដើម្បីទាញខ្លួនឯងត្រឡប់មកផែនដីវិញដោយសុវត្ថិភាព។ ពួកគេនឹងហោះហើរក្នុងចម្ងាយប្រហែល ១០,៣០០ គីឡូម៉ែត្រ ពីក្រោយផ្នែកម្ខាងទៀតនៃព្រះច័ន្ទ (Far Side of the Moon) ដែលជាតំបន់ដាច់ស្រយាលបំផុតដែលមនុស្សមិនធ្លាប់ទៅដល់តាំងពីឆ្នាំ ១៩៧២។

គួរជម្រាបថា បច្ចុប្បន្ន យាន Orion កំពុងស្ថិតក្នុងគន្លងផែនដីកម្រិតខ្ពស់ ដើម្បីត្រួតពិនិត្យប្រព័ន្ធបច្ចេកទេសជាចុងក្រោយ មុននឹងរុញច្រានខ្លួនឆ្ពោះទៅកាន់គន្លងព្រះចន្ទ។ លោក Bill Nelson អភិបាលនៃ NASA បានថ្លែងថា៖ «យើងមិនមែនត្រឹមតែត្រឡប់ទៅឋានព្រះចន្ទវិញនោះទេ ប៉ុន្តែយើងកំពុងរៀនរស់នៅ និងធ្វើការនៅទីនោះ ដើម្បីរៀបចំខ្លួនសម្រាប់កិច្ចការកាន់តែធំធេងនៅថ្ងៃខាងមុខ។ យើងមិនមែនត្រឡប់ទៅព្រះច័ន្ទគ្រាន់តែដើម្បីបន្សល់ទុកដានជើងនោះទេ ប៉ុន្តែយើងទៅដើម្បីរៀនរស់នៅ និងកសាងអនាគតថ្មីសម្រាប់មនុស្សជាតិទាំងមូល»