IOC កោតសរសើរការអប់រំគុណតម្លៃអូឡាំពិកនៅកម្ពុជា ដែលរួមចំណែកកសាងពិភពលោកឲ្យស្រស់បំព្រង ប្រកបដោយសន្ដិភាព

03-04-2026 09:36

(ភ្នំពេញ)៖ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) និងអង្គការសាមគ្គីអូឡាំពិក (OS) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិកយ៉ាងផុសផុលនៅកម្ពុជា ដែលជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកសាងពិភពលោកឲ្យកាន់តែស្រស់បំព្រង ប្រកបដោយសន្ដិភាព តាមរយៈសកម្មភាពកីឡា។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ការគូសបញ្ជាក់នេះ បន្ទាប់ពី NOCC បានចាប់ផ្ដើមបន្ដយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក លើកដំបូងសម្រាប់ឆ្នាំ២០២៦ នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នាខេត្តព្រះសីហនុកាលពីថ្ងៃទី០២ ខែមេសាកន្លងទៅ ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង ២០០នាក់ ក្នុងការស្វែងយល់ពីប្រវត្តិកកើតចលនាអូឡាំពិក ដែលមានអាយុកាលជិត ៣ពាន់ឆ្នាំ និងការវិវឌ្ឍនៃចលនាអូឡាំពិកសម័យទំនើប ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមសកម្មភាពកីឡា។

ទន្ទឹមជាមួយការបញ្ជ្រាបនូវខ្លឹមសារសំខាន់ៗនៃគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់សិស្សានុសិស្ស ដែលជាផ្នែកមួយជំរុញដល់ការអភិវឌ្ឍសង្គម និងបំនិនជីវិតដល់ពួកគេ មន្ដ្រីជំនាញខាងលើ ក៏បានបញ្ជ្រាបនូវយុទ្ធនាការយុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដែលជាយុទ្ធនាការរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបំផុសឲ្យយុវជនត្រៀមលក្ខណៈសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ដែលសកម្មភាពទាំងអស់នេះ ត្រូវបានសាទរជាខ្លាំងពីស្ថាប័នអន្ដរជាតិ។

លោក ប៊ុយ សុភ័ណ្ឌ បានបន្ដថា «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលកម្ពុជារៀបចំជាប្រចាំឆ្នាំនេះ យើងតែងទទួលការសាទរ និងកោតសរសើរខ្លាំងពី OS និង IOC ដោយគាត់មើលឃើញអំពីភាពផុសផុល និងសកម្មភាពរបស់កម្ពុជា លើការផ្សព្វផ្សាយអំពីទស្សនៈវិជ្ជា និងគុណតម្លៃអប់រំអូឡាំពិកដល់សិស្សានុសិស្ស ដែលជាចក្ខុវិស័យសំខាន់របស់ IOC ក្នុងការរួមចំណែកការកសាងពិភពលោកឲ្យកាន់តែស្រស់បំព្រង ប្រកបដោយសន្តិភាព តាមរយៈការអប់រំយុវជនឲ្យចូលរួមលេងកីឡា ក្រោមស្មារតីទស្សនៈវិជ្ជា និងចលនាអូឡាំពិក»

គួរដឹងថា ឆ្នាំ២០២៦ នេះ NOCC មានគម្រោងរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តជាយដែនចំនួន២ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ គឺខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដើម្បីបញ្ជ្រាបគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្ស ក៏ដូចជានាំនូវអំណោយជួយដល់សាលាខ្វះខាតសម្ភារៈផ្នែកកីឡា ក៏ដូចជាការរៀបចំទីលានជូន សម្រាប់ផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានចូលរួមសកម្មភាពកីឡាផងដែរ៕