ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី និង Buffon លាលែងពីតំណែង ក្រោយខកចិត្តនៅ World Cup ជាលើកទី៣

03-04-2026 10:04

(រ៉ូម)៖ លោក Gabriele Gravina បានលាឈប់ពីតួនាទី ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) ជាផ្លូវការហើយ បន្ទាប់ពីក្រុមជម្រើសជាតិមួយនេះ មិនអាចឡើងទៅលេងជុំចុងក្រោយនៅ World Cup ជាលើកទី៣ ជាប់ៗគ្នារួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសាដដែលនោះដែរ លោក Gialuigi Buffon អតីតអ្នកចាំទីដែលបានរួមចំណែកជួយអាសូរីឈ្នះជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០០៦ លើកចុងក្រោយ និងគម្រប់លើកទី៤ ផងនោះ ក៏បានចាកចេញពីតួនាទី ទីប្រឹក្សាសហព័ន្ធផងដែរ។

នេះជាលើកទី៣ ជាប់ៗគ្នាតែម្តងសម្រាប់អតីតក្រុមជើងខ្លាំងប្រចាំតំបន់អឺរ៉ុប និងជាម្ចាស់ជើងឯក Euro 2020 ផងនោះ មិនអាចមានវត្តមាននៅប្រទេសរុស្ស៊ីកាលឆ្នាំ២០១៨ និង ៤ឆ្នាំបន្ទាប់នៅកាតា និងបន្តខកខានថែមទៀតនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដោយសារធ្លាក់នៃវគ្គជម្រុះ ក្រោមថ្វីជើងរបស់ស៊ុយអែត ម៉ាសេដូន និងបូស្នី។

ក្នុងសារដ៏ខ្លីរបស់ Buffon វ័យ ៤៨ឆ្នាំបានបញ្ជាក់ថា «ដើម្បីជាការទទួលខុសត្រូវរួមគ្នា ខ្ញុំក៏បានសម្រេចចិត្តចាកចេញពីតួនាទីដូចលោក Gravina ដែរ នៅពេលបរាជ័យក្នុងការនាំអាសូរីត្រឡប់ទៅ World Cup វិញ»

គួររំលឹកផងថា លោក Gravina វ័យ ៧២ឆ្នាំ បានចូលដឹកនាំ FIGC តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ ជំនួសតំណែងលោក Carlo Tavecchio ដែលបានលាឈប់ដូចគ្នា ក្រោយពេលអ៉ីតាលីលេងចាញ់ស៊ុយអែត នៃវគ្គជម្រុះដណ្តើមកៅអី World Cup 2018 និង ២សម័យក្រោយមកទៀត លោក Gravina នៅតែធ្វើមិនបានជោគជ័យដដែល៕