OpenAI ឈានជើងចូលវិស័យព័ត៌មាន ក្រោយទិញយកស្ថាប័ន TBPN ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើល

03-04-2026 10:10

(បរទេស)៖ ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុន Anthropic ដើម្បីដណ្តើមអតិថិជនកម្រិតសហគ្រាស ក្រុមហ៊ុន OpenAI បានសម្រេចចិត្តទិញយកស្ថាប័ន TBPN ដែលត្រូវបានគេស្គាល់ថាអ្នកបង្កើតវេទិកាជជែកពិភាក្សា (Talk Show) អំពីវិស័យបច្ចេកវិទ្យាតាមអនឡាញដ៏ល្បីល្បាញ។ TBPN ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងតំបន់ Silicon Valley តាមរយៈការធ្វើបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិ (CEO) ល្បីៗក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

សហគ្រិនលោក John Coogan និងលោក Jordi Hays ដែលបានបង្កើត TBPN កាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយយក្សដូចជា CNBC នឹងចូលរួមការងារជាមួយ OpenAI ជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ការទិញយកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកន្លងមក OpenAI មិនដែលបង្ហាញសញ្ញាណាមួយថាខ្លួនចង់ឈានជើងចូលក្នុងវិស័យព័ត៌មាននោះទេ។ លើសពីនេះ ក្រុមហ៊ុនទើបតែបានផ្អាកដំណើរការកម្មវិធីផលិតវីដេអូ Sora ដើម្បីបង្វែរការយកចិត្តទុកដាក់ទៅលើទីផ្សារឧបករណ៍សរសេរកូដ AI (AI coding tools) ដែលផ្តល់ប្រាក់ចំណេញខ្ពស់ជាង។ ទោះបីជាមិនបានបង្ហាញពីព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះក៏ដោយ OpenAI បានបញ្ជាក់ថា ការទិញយកនេះនឹងជួយឱ្យក្រុមហ៊ុន ផ្សព្វផ្សាយពីផែនការរបស់ខ្លួនបានកាន់តែច្បាស់ និងតម្រង់ទិសការជជែកពិភាក្សាអំពីការផ្លាស់ប្តូរនានាដែលបង្កើតឡើងដោយ AI។

OpenAI ដែលជាក្រុមហ៊ុន Startup កំពុងខាតបង់ថវិកានៅឡើយ បានសន្យាថានឹងរក្សា «ឯករាជ្យភាពនៃនិពន្ធនាយក» របស់ TBPN។ នៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនដែលមានឈ្មោះថា The Prompt ក្រុមហ៊ុនបានលើកឡើងថា «ការដែលក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងស្ថាប័នព័ត៌មាន មិនមែនជារឿងថ្មីនោះទេ។ វិស័យផ្សព្វផ្សាយបានស្ថិតនៅក្រោមសហគ្រាសធំៗជាយូរមកហើយ មិនថាតែ ABC, CBS ឬ NBC ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុនយក្ស ឬការដែល Microsoft រួមគ្នាបង្កើត MSNBC និង Bloomberg News ដែលជារបស់ Bloomberg LP នោះឡើយ»

នាពេលថ្មីៗនេះ OpenAI ក៏បានប្រឈមមុខនឹងការរិះគន់ផងដែរ ចំពោះការសម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងប្រតិបត្តិការយោធាសម្ងាត់ បន្ទាប់ពីគូប្រជែង Anthropic និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានជម្លោះជាមួយគ្នា។

គួររំលឹកផងដែរថា កម្មវិធី TBPN កន្លងមកធ្លាប់បានស្វាគមន៍ភ្ញៀវកិត្តិយសល្បីៗជាច្រើនរួមមាន៖ Mark Zuckerberg (CEO របស់ Meta), Satya Nadella (CEO របស់ Microsoft), James Cameron (អ្នកដឹកនាំរឿងដ៏ល្បីល្បាញ) និងSam Altman (CEO របស់ OpenAI ផ្ទាល់)៕