ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន ម៉ាស្ទ័រកាតសហការគ្នា ដើម្បីពង្រីកវិសាលភាព នៃការផ្ទេរប្រាក់ឆ្លងដែនតាមរយៈMastercard Move

03-04-2026 10:12

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការ​ ​នូវកិច្ចសហការរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការ​ពង្រីកវិសាលភាពនៃការទូទាត់ឆ្លងដែនតាមរយៈ Mastercard Move ដែលជាការនាំយកផលប័ត្រនៃការផ្ទេរប្រាក់ក្រៅប្រទេស នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប)។

តាមរយៈការបញ្ចូល Mastercard Move នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នាពេលនេះ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ទៅក្រៅប្រទេសទូទាំងពិភពលោក បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយមិនមានភាពរអាក់រអួល ជាមួយនឹងការទទួលបានប្រាក់ភ្លាមៗ ឬក្នុងរយៈពេលដ៏ខ្លីបំផុត (Near Real-Time) អាស្រ័យទៅតាមបណ្តាប្រទេសគោលដៅនីមួយៗ។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយ ដោយបានសហការជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការដាក់ ឱ្យដំណើរការសេវាទូទាត់ឆ្លងដែនតាមរយៈ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) ដែលផ្តល់ជូនអតិថិជន នូវមធ្យោបាយផ្ទេរប្រាក់ឆ្លងដែនបានកាន់តែងាយស្រួល និងមានតម្លៃសេវាសមរម្យសម្រាប់ប្រជាជនកម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក។ កិច្ចសហការនេះ នឹងនាំមកនូវសេវាទូទាត់ឆ្លងដែនកម្រិតខ្ពស់របស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដោយការតភ្ជាប់ប្រតិបត្តិការទូទាត់យ៉ាងទូលំទូលាយតាមរយៈធនាគារ អេស៊ីលីដា។ សេវាទូទាត់ឆ្លងដែននេះ អនុញ្ញាតឱ្យអតិថិជនអាចផ្ទេរប្រាក់ជាសកល ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្របដណ្តប់ទូទាំងពិភពលោកដែលជួយកាត់បន្ថយភាពស្មុគស្មាញនៃប្រតិបត្តិការការផ្ទេរប្រាក់ឆ្លងដែនបានយ៉ាងច្រើន»

ការទូទាត់ប្រាក់ឆ្លងដែនតាមរយៈ Mastercard Move នៅលើ អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប) នឹងអនុញ្ញាតឱ្យអតិថិជន ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យម (SMEs) អាចផ្ទេរប្រាក់ទៅកាន់បណ្តាប្រទេសមួយចំនួន ដូចជាវៀតណាម ឥណ្ឌូនេស៊ី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុបដែលស្ថិតក្នុងតំបន់ទូទាត់ប្រាក់អឺរ៉ូតែមួយ (SEPA)។ការដាក់ឱ្យដំណើរការនេះ គឺជាជំហានដំបូងនៃការពង្រីកវិសាលភាពទូទាត់ប្រាក់ឱ្យកាន់តែទូលំទូលាយ ហើយទីផ្សារបន្ថែមទៀតត្រូវបានគ្រោងនឹងបញ្ចូលទៅក្នុងប្រព័ន្ធនាពេលឆាប់ៗខាងមុខនេះ។

លោក ហ្សារ៉ាដ ជេន (Sharad Jain) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុនម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ «កិច្ចសហការរវាង ក្រុមហ៊ុន ម៉ាស្ទ័រកាត និងធនាគារ អេស៊ីលីដា នេះនឹងជួយពង្រឹងលទ្ធភាពទទួលបានសេវាទូទាត់ប្រាក់ឆ្លងដែនដែលមានសុវត្ថិភាព រហ័ស និងមានតម្លាភាពសម្រាប់ប្រជាជន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា។ រាល់អតិថិជន និងអាជីវកម្មនានានឹងទទួលបានអត្ថប្រយោជន៍ពីបទពិសោធនៃការទូទាត់ប្រាក់អន្តរជាតិដែលច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់ក្នុងការផ្ទេរប្រាក់ឆ្លងដែនតាមរយៈការបញ្ចូលគ្នារវាងសមត្ថភាព Mastercard Move ជាមួយធនាគារ អេស៊ីលីដា ដែលជាប្រជាធនាគារដែលប្រជាជនកម្ពុជាទុកចិត្ត»