ដល់ក! កីឡាករប្រដាល់ Chisora ជិះសុទ្ធតែរថពាសដែកមកធ្វើសន្និសីទ មុនប៉ះ Wilder ស្អែកនេះ

03-04-2026 10:32

(បរទេស)៖ កីឡាករប្រដាល់សកល Derek Chisora បានជិះសុទ្ធតែរថពាសដែក និងអមដំណើរដោយប្រធានគណបក្ស Reform Party គឺលោក Nigel Farage ដើម្បីមកចូលរួមធ្វើសន្និសីទកាសែតនៅឯសាល London’s York Hall មុនជំនួបទល់នឹង Deontay Wilder នាថ្ងៃសៅរ៍ស្អែកនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករប្រដាល់ទម្ងន់ធ្ងន់សញ្ជាតិអង់គ្លេស វ័យ ៤២ឆ្នាំ Chisora នឹងពើបប្រទះគូប្រជែងមកពីអាមេរិក Wilder នាថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះនៅឯសង្វៀន London’s O2 Arena ដែលជាការប្រកួតជាលក្ខណៈអាជីពលើកទី៥០ របស់គេផងដែរ។

ការអមដំណើរនោះដែរ លោក Farage ដែលជាប្រធានគណបក្ស Reform Party មិនបានចូលរួមក្នុងសន្និសីទ និងមិនមានមតិអ្វីនៃជំនួបនេះឡើយ។

Chisora ដែលមានវ័យជ្រេ និងត្រូវបានគេរំពឹងថា នេះអាចជា ១ប្រកួតចុងក្រោយផងនោះបានថ្លែងក្នុងសន្និសីទថា «ខ្ញុំនឹងសម្រុកឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ពោលគឺនឹងមិនដល់ ១២ទឹកឡើយ។ ខ្ញុំគ្រាន់តែត្រូវការប្រយុទ្ធ និងផ្តល់ការឈឺចាប់។ នោះគឺជាអ្វីដែលខ្ញុំនឹងនាំមកនាថ្ងៃស្អែកនេះ»

ទន្ទឹមគ្នានោះដែរ Wilder ដែលបានមកយឺត ៤៥នាទី និងសុំអភ័យទោសផងនោះបានថ្លែងថា «តើនឹងមានអ្វីកើតឡើង ក្នុងជំនួបជាមួយអ្នកប្រយុទ្ធឥតស្រាកស្រាន្តបែបនេះ? Darek ឡើងមកដើម្បីប្រយុទ្ធ ប៉ុន្តែខ្ញុំវិញ ឡើងមកក៏ដើម្បីជ័យជម្នះដែរ»