Broadcom តែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពី Alphabet ជាប្រធានហិរញ្ញវត្ថុថ្មី ដើម្បីសម្រេចគោលដៅចំណូល AI ១០០ពាន់លានដុល្លារ

03-04-2026 10:56

(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីបខ្នាតយក្ស Broadcom បានប្រកាសតែងតាំងអ្នកស្រី Amie Thuener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេរបស់ Google) ឱ្យមកកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) ជាផ្លូវការ ចាប់ពីថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។ ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីជំនួសអ្នកស្រី Kirsten Spears ដែលត្រៀមចូលនិវត្តន៍ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនឱ្យសម្រេចបានជោគជ័យធំៗជាច្រើន រួមទាំងការទិញយកក្រុមហ៊ុន VMware ក្នុងតម្លៃ ៦៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

លោក Hock Tan អគ្គនាយកក្រុមហ៊ុន Broadcom បានសម្តែងការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់អ្នកស្រី Thuener ដោយមានប្រសាសន៍ថា៖ «អ្នកស្រីនឹងនាំមកនូវបទពិសោធន៍យ៉ាងស៊ីជម្រៅក្នុងការរាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម ប្រតិបត្តិការដែលពាក់ព័ន្ធនឹង AI និងការដឹកនាំអង្គការសកលដែលមានភាពស្មុគស្មាញ»។ បទពិសោធន៍ដ៏ក្រាស់ក្រែលរបស់អ្នកស្រី Thuener តាំងពីនៅ Alphabet និងក្រុមហ៊ុនសវនកម្មពិភពលោក PwC ត្រូវបានគេមើលឃើញថាជា «ទ្រព្យសម្បត្តិដ៏មានតម្លៃ» សម្រាប់ Broadcom ក្នុងដំណាក់កាលពង្រីកខ្លួនលើទីផ្សារ AI។

បច្ចុប្បន្ន Broadcom ដែលមានតម្លៃទីផ្សាររហូតដល់ ១.៤៨ ទ្រីលានដុល្លារ កំពុងដើរតួយ៉ាងសំខាន់ក្នុងបដិវត្តន៍បញ្ញាសិប្បនិម្មិត (AI)។ ទោះបីជាមិនបានផលិតបន្ទះឈីប AI ពេញលេញដោយខ្លួនឯងក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះគឺជាអ្នកជំនាញក្នុងការរចនាបន្ទះឈីបពិសេសៗ (Custom Chips) ជូនក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗដូចជា Google និង OpenAI ជាដើម។ ក្រុមហ៊ុនបានព្យាករថា ចំណូលពីបន្ទះឈីប AI នឹងហក់ឡើងលើសពី ១០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ ស្របពេលដែលពិភពលោកកំពុងមានតម្រូវការខ្ពស់បំផុត។

ទោះជាយ៉ាងណា ការឡើងកាន់តំណែងរបស់អ្នកស្រី Thuener ក៏ត្រូវប្រឈមនឹងបញ្ហាប្រឈមធំៗមួយចំនួនផងដែរ ជាពិសេសបញ្ហារអាក់រអួលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុន Nvidia។ ដើម្បីធានាឱ្យមានការផ្ទេរការងារប្រកបដោយប្រសិទ្ធភាព អ្នកស្រី Spears ដែលជា CFO ចាស់ នឹងបន្តតួនាទីជាទីប្រឹក្សារយៈពេល ៩ ខែទៀត ដើម្បីជួយសម្របសម្រួលកិច្ចការងារក្នុងដំណាក់កាលអន្តរកាលនេះ៕