សំបុត្រទស្សនាផ្តាច់ព្រ័ត្រ World Cup 2026 មានតម្លៃជាង $១ម៉ឺនក្នុង ១សន្លឹក ខណៈនៅសល់ ៦៨ថ្ងៃទៀតចាប់ផ្តើម

03-04-2026 11:38

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA បានបើកលក់សំបុត្រទិញផ្ទាល់ជាលើកដំបូងនាថ្ងៃទី០២ ខែមេសា ក្នុងពិព័រណ៌បង្ហាញពានប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ផងដែរ ជាមួយនឹងតម្លៃសំបុត្រវគ្គផ្តាច់ព្រ័ត្រ១សន្លឹកថ្លៃដល់ទៅ ១០,៩០០ដុល្លារឯណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា World Cup ជំនាន់ទី២៣ ដែលធ្វើនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា មានតម្លៃសំបុត្រផ្តាច់ព្រ័ត្រនាថ្ងៃទី១៩ ខែកក្កដាទាបបំផុតចាប់ពី ១,៥៥០ដុល្លារដល់ ១០,៩០០ដុល្លារ ដោយមានការកើនឡើងប្រមាណ ៣៨% ផងដែរ បើប្រៀបធៀបពីការបើកលក់តាមអនឡាញកាលចុងឆ្នាំ២០២៥។

នេះជាតម្លៃដ៏ខ្ពស់មិនធ្លាប់មាននៅ World Cup ក្រោយរៀបចំបាន ២២លើករួចមក ហើយបើធៀបនឹងផ្តាច់ព្រ័ត្រកាលឆ្នាំ២០២២ នៅប្រទេសកាតាវិញ មានតម្លៃត្រឹមតែ ១,៦០៤ដុល្លារប៉ុណ្ណោះទេ សម្រាប់កៅអី VIP (top priced seat)។

គួរបញ្ជាក់ផងថា តម្លៃសំបុត្រអាចមានការប្រែប្រួលខ្លះដែរទៅតាមគូប្រកួតនីមួយៗ តួយ៉ាងដូចជាគូអង់គ្លេស ប៉ះក្រូអាត សន្សំពិន្ទុប្រចាំពូល L មានតម្លៃសំបុត្រចាប់ពី ៦០ដុល្លារឡើងដល់ ១,៤៩៩ដុល្លារ ហើយគូពិសេស និងវគ្គជ្រៅៗថែមទៀត មានតម្លៃសំបុត្រចន្លោះពី ៤៤៥ដុល្លារដល់ ៦,០០០ដុល្លារឯណោះ៕