ភោជនីយដ្ឋាន Yi Sang ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ហាញនូវមុខម្ហូប «ឌីមសាំ» ដែលកែច្នៃយ៉ាងសម្រិតសម្រាំង ដោយបញ្ចូលនូវម្រេចកំពត

03-04-2026 12:16

(កណ្ដាល)៖ ក្នុងស្មារតីអបអរសាទររសជាតិបែប «Glocal» (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេស ដែលជាការផ្សារភ្ជាប់គ្នា រវាងសិល្បៈចម្អិនម្ហូប បែបកាតាំងបុរាណ និងកេរដំណែលកសិកម្មដ៏ល្បីល្បាញ លើពិភពលោករបស់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់ មកពីខេត្តកំពត, ភោជនីយដ្ឋាន Yi Sang បានបង្ហាញនូវមុខម្ហូប «ឌីមសាំ» (Dim Sum) កែច្នៃយ៉ាង សម្រិតសម្រាំង ដោយបញ្ចូលនូវម្រេចកំពត ដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ (PGI) និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំងបាយជូរអន្តរជាតិគុណភាពខ្ពស់។ ព្រឹត្តិការណ៍នេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «កសិទេសចរណ៍» ដោយបង្ហាញថា ផលិតផលក្នុងស្រុក អាចត្រូវបានលើកកម្ពស់ ទៅជាអាហារកម្រិតខ្ពស់។

លោក លូ ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Almond Hospitality បានលើកឡើងថា «គោលដៅរបស់យើង គឺចង់ឱ្យប្រាកដថា ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ។ តាមរយៈការបញ្ជ្រាបគ្រឿងទេសលំដាប់ពិភពលោករបស់ La Plantation ជាមួយ មរតកម្ហូបកាតាំងរបស់ Yi Sang បានបង្កើតជាកិច្ចសន្ទនាមួយ រវាងវប្បធម៌ពីរខុសគ្នា»។

La Plantation បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតគ្រឿងទេស ប្រកបដោយចីរភាព ក្នុងខេត្តកំពត។ ភាពជាដៃគូជាមួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដា នៃសិល្បៈចម្អិនម្ហូប គឺជាជំហានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ «Terroir» (លក្ខណៈពិសេសនៃដីកម្ពុជា) ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ច មកពីជុំវិញពិភពលោក។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍។ តំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ធំៗ ដែលកំពុងប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ រួមមាន៖ Air Cambodia, Cambodia Airways, AirAsia, និង Singapore Airlines រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ (DMCs) បានចូលរួមបទពិសោធន៍ នៃរសជាតិច្នៃប្រឌិតនេះ។

តាមរយៈការចូលរួមជាមួយដៃគូអាកាសចរណ៍ និងភ្នាក់ងារទេសចរណ៍ Yi Sang និង La Plantation កំពុងកំណត់ស្តង់ដារថ្មី សម្រាប់បដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ដើម្បីធានាថា ឧត្តមភាពកសិកម្មរបស់កម្ពុជា នឹងបន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបាន ដល់អ្នកធ្វើដំណើរគ្រប់រូប។

* Yi Sang: ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការប្តេជ្ញាចិត្ត ក្នុងការរួមបញ្ចូលរសជាតិខ្មែរ និងការទទួលខុសត្រូវសង្គម។
* La Plantation: មានទីតាំងនៅខេត្តកំពត ជាសហគ្រាសដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេសក្នុងស្រុកតាមរយៈការដាំដុះតាមបែបសរីរាង្គ និងកសិទេសចរណ៍។

ខាងក្រោមនេះ ជាបញ្ជីមុខម្ហូប នៅក្នុងភោជនីយដ្ឋាន Yi Sang ដែលមានការច្នៃប្រឌិតថ្មីៗ ដោយផ្លាស់ប្តូររសជាតិបែបបុរាណ រួមមាន៖

* មុខម្ហូបទី១៖ ហាកាវម្រេចខ្ចី (Green Salted Pepper Har Gow)–ការច្នៃប្រឌិត ហាកាវបង្គារ ដោយប្រើគ្រាប់ម្រេចខ្ចីពី La Plantation ដែលផ្តល់នូវក្លិនឈ្ងុយបែបឱសថ និងរសជាតិស្រស់នៃសាច់បង្គារ។
* មុខម្ហូបទី២៖ ស៊ាវឡុងប៉ាវម្រេចស (White Pepper Xiao Long Bao)–នំប៉ាវទឹកស៊ុបបែបបុរាណ ត្រូវបានបង្កើនរសជាតិឈ្ងុយភាយ ដូចក្លិនផ្កាម្រេចសដែលធ្វើឱ្យទឹកស៊ុបសាច់ជ្រូក កាន់តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត។
* មុខម្ហូបទី៣៖ នំឆៃថាវម្រេចក្រហម (Red Pepper Radish Cake)–មុខម្ហូបចៀនដ៏ពេញនិយមដែលមានរសជាតិដូចជាផ្លែឈើ និងរសនៃម្រេចក្រហម ផ្តល់នូវភាពកក់ក្តៅដិតជាប់មាត់ ដែលស័ក្តិសមបំផុតជាមួយស្រា Sparkling សម្រាប់អាហារពេលនេះ។

ការប្រើប្រាស់ម្រេចកំពត PGI គឺជាបេះដូងនៃព្រឹត្តិការណ៍នេះ។ ក្នុងនាមជាផលិតផលកម្ពុជាដំបូងគេ ដែលទទួលបានឋានៈ PGI ពីស្តង់ដារសហភាពអឺរ៉ុប នៃវិស័យកសិកម្មរបស់ជាតិ៕