Microsoft ប្រកាសចាក់ទឹកប្រាក់ ១០ពាន់លានដុល្លារ ចូលទីផ្សារជប៉ុន ដើម្បីពង្រឹងអាណាចក្រ AI និងសន្តិសុខសាយប័រ
03-04-2026 14:52
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងបោះទុនវិនិយោគចំនួន ១.៦ ទ្រីលានយ៉េន (ប្រមាណ១០ ពាន់លានដុល្លារអាមេរិក) ក្នុងប្រទេសជប៉ុន ចន្លោះឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៩។ ការវិនិយោគដ៏ធំសម្បើមនេះ មានគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រជាមួយរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
Microsoft មានគម្រោងបណ្តុះបណ្តាលវិស្វករ និងអ្នកអភិវឌ្ឍន៍ចំនួន ១លាននាក់ ត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយក្រុមហ៊ុន SoftBank និង Sakura Internet ដើម្បីពង្រីកសមត្ថភាពកុំព្យូទ័រ AI នៅក្នុងប្រទេសជប៉ុន។ ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន អាចរក្សាទុកទិន្នន័យសំខាន់ៗនៅក្នុងប្រទេសបាន ខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្ម Microsoft Azure។ ផែនការនេះស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលចង់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងការពារសន្តិសុខជាតិ។ Microsoft នឹងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរជប៉ុនក្នុងការចែករំលែកព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការបង្ការបទល្មើសផ្សេងៗ។
យោងតាមទិន្នន័យរបស់ Microsoft ការប្រើប្រាស់ AI ក្នុងប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២៤ ដោយក្នុងចំណោមមនុស្សវ័យធ្វើការ ៥នាក់មានម្នាក់ដែលកំពុងប្រើប្រាស់ឧបករណ៍ Generative AI។
ទោះជាយ៉ាងណាក៏ដោយ ជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យ AI និងរ៉ូបូត (Robotics) រហូតដល់ជាង៣លាននាក់ នៅត្រឹមឆ្នាំ ២០៤០ ដែលនេះជាមូលហេតុធ្វើឱ្យការវិនិយោគលើការបណ្តុះបណ្តាលជំនាញរបស់ Microsoft មានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចជប៉ុននាពេលអនាគត៕






