វីតាល់ និងក្លិបវាយសីភ្នំពេញ ចុះ MOU ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា
03-04-2026 15:21
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ទឹកពិសាវីតាល់ និងក្លិបវាយសីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា ។ ពិធីនេះមានការចូលរួមពីលោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) និងលោក បែ មករា នាយកកម្មវិធីកីឡា នៃស.ស.យ.ក រាជធានីភ្នំពេញ ។
លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា ដោយឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យកីឡានៅក្នុងសង្គមកម្ពុជា ក្នុងនោះ កីឡាវាយសី ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជន និងសាធារណជន។ និន្នាការនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខភាព សាមគ្គីភាព និងការអភិវឌ្ឍធនធានយុវជន តាមរយៈសកម្មភាពកីឡា។
លោកប្រធានធុរកិច្ច បន្ដថា កិច្ចសហការរវាង ទឹកពិសាវីតាល់ និងក្លិបវាយសីភ្នំពេញ នាថ្ងៃនេះក៏គឺជាកាយវិការល្អមួយ ដែលមិនត្រឹមតែជួយលើកទឹកចិត្ត ឱ្យយុវជនចូលរួមហ្វឹកហាត់ និងប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយក្នុងការជម្រុញវប្បធម៌រស់នៅសកម្ម ការយកចិត្តទុកដាក់ចំពោះសុខភាព និងស្មារតីកីឡា សម្រាប់សង្គមផងដែរ។
លោកប្រធានធុរកិច្ច បន្ថែមថា ទឹកពិសាវីតាល់ តាមរយៈកិច្ចសហការនាថ្ងៃនេះ មានសេចក្តីសោមនស្សចូលរួមឧបត្ថម្ភ និងគាំទ្រ សកម្មភាពរបស់ក្លិបវាយសី ភ្នំពេញ ពេញមួយឆ្នាំ២០២៦ ដោយឧបត្ថម្ភទឹកពិសាសម្រាប់ ការប្រើប្រាស់របស់ក្លិបរយៈពេលពេញមួយឆ្នាំ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភ សម្រាប់ចំណាយលើការចូលរួមប្រកួតនៅតាមបណ្តាខេត្តនានា ដោយសង្ឃឹមថា កិច្ចគាំទ្រនេះ នឹងជួយជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី បង្កើនឱកាសក្នុងការចូលរួមប្រកួត និងរួមចំណែកលើកស្ទួយ វិស័យកីឡាវាយសីនៅកម្ពុជា។
លោក បែ មករា នាយកកម្មវិធីកីឡា នៃស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា កីឡាវាយសីនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ បានសង្កេតឃើញថា ចំនួនអ្នកចូលចិត្តលេងកីឡានេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីកុមារតូចៗ រហូតដល់មនុស្ស វ័យចំណាស់។ ក្លិបវាយសីភ្នំពេញ មិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ថ្នាលបណ្តុះបណ្តាល» ដែលបង្កើតនូវវិន័យ សាមគ្គីភាព និងមហិច្ឆតាចង់ឈ្នះសម្រាប់យុវជនយើង។
លោកនាយកកម្មវិធីកីឡា បានបន្ថែមថា យ៉ាងណាមិញ ការកសាងក្លិបមួយឱ្យមានស្តង់ដារ និងការបណ្តុះកីឡាករឱ្យឈានដល់កម្រិតអាជីព មិនមែនជារឿងងាយស្រួលនោះទេ។ វាទាមទារនូវធនធានជាច្រើន ទាំងសម្ភារៈ ទីលាន គ្រូបង្វឹក និងការគាំទ្រផ្នែកស្មារតី។ ការចូលរួមរបស់ ក្រុមហ៊ុនទឹកសុទ្ធវីតាល់ នាពេលនេះ គឺជា «ខ្យល់ដង្ហើមដ៏សំខាន់» ដែលនឹងជួយរុញច្រានឱ្យការវិវត្តក្លិបយើង អាចទៅមុខបានកាន់តែលឿន និងកាន់តែរឹងមាំ៕
























