ក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម ចូលរួមប្រកួតពានមិត្តភាពអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាសប្ដាហ៍ក្រោយ

03-04-2026 15:47

(ភ្នំពេញ)៖ ក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម រួមមានក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ប៉ូលិស នឹងត្រូវចូលរួមការប្រកួតពានរង្វាន់មិត្តភាពវ័យចាស់ នាថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅកីឡដ្ឋានស្ដាតចាស់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩។

លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិប និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ នៃក្លិបព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតមុនការប្រកួតនៅថ្ងៃទី០៣ ខែមេសានេះថា ពានរង្វាន់មិត្តភាពវ័យចាស់នេះ រៀបចំឡើង ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ នាពេលដ៏ខ្លីខាងមុខ ហើយក៏ជាឱកាសចង់ឲ្យអតីតកីឡាករជម្រើសជាតិ ដែលចូលនិវត្តន៍ និងកីឡាករវ័យចាស់ បានចូលរួមលេងកម្សាន្ដ ដើម្បីលើកកម្ពស់មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយ និងផ្ដល់ភាពជាគំរូជំរុញឲ្យយុវជននាំគ្នាលេងកីឡាផងដែរ។

ចំពោះលក្ខខណ្ឌនៃការប្រកួតសម្រាប់ក្រុមនីមួយៗ ត្រូវមានកីឡាករ ដែលបូកអាយុរួមបញ្ចូលគ្នារវាងកីឡាករទាំង១១នាក់លើទីលានឲ្យបានលើសពី ៤៥០ឆ្នាំ លើកលែងអ្នកចាំទី ១រូប ត្រូវបានកំណត់អាយុចន្លោះពី ៣៥ ដល់ ៣៩ឆ្នាំឡើង។ សម្រាប់ការចុះឈ្មោះក្រុមនីមួយៗ ត្រូវចុះឈ្មោះកីឡាករយ៉ាងតិច ១៥នាក់ ឬយ៉ាងច្រើន ៣០នាក់ ដើម្បីធានាការផ្លាស់ប្ដូរលេងរយៈពេល ៩០នាទីចំនួន ៥ដង ក្នុងមួយប្រកួត។ រីឯកីឡាករ ដែលអាចប្ដូរចេញ ហើយអាចប្ដូរចូលលេងវិញបាន គឺមានតែកីឡាករលើសអាយុ ៥០ឆ្នាំប៉ុណ្ណោះ។

សម្រាប់លទ្ធផលនៃការចាប់ឆ្នោតប្រកួត គឺក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមវ័យចាស់រាជធានីភ្នំពេញ គ្រាដែលក្រុមម្ចាស់ទឹកដី កងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមបាល់ទាត់វ័យចាស់ប៉ូលីស ដែលជំនួប Play-Off នេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី០៧ ខែមេសា ដោយគូទី១ ប្រកួតម៉ោង ៣រសៀល និងគូទី២ ប្រកួតនាម៉ោង ៥ល្ងាច។ ក្រោយចប់ការប្រកួតក្រុមទទួលបានជ័យជម្នះ នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី០៨ ខែមេសា គ្រាដែលក្រុមចាញ់ ក៏នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕