Microsoft បង្ហាញសន្ទុះនៃការលក់ Copilot ខណៈកង្វល់ជុំវិញបញ្ហា AI កំពុងដាក់សម្ពាធលើតម្លៃភាគហ៊ុន
03-04-2026 16:36
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងបង្ហាញសន្ទុះខ្លាំងឡើងវិញក្នុងសមរភូមិបញ្ញាសិប្បនិម្មិត (AI) បន្ទាប់ពីធ្លាប់រងសម្ពាធពីការធ្លាក់ចុះនៃតម្លៃភាគហ៊ុន។ លោក Judson Althoff នាយកប្រតិបត្តិផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន បានប្រកាសប្រាប់បុគ្គលិកដោយមោទនភាពថា ការលក់កម្មវិធីជំនួយ Copilot បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមហ៊ុនបានផ្លាស់ប្តូរយុទ្ធសាស្ត្រលក់ថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ការងើបឡើងវិញនេះ គឺជាសញ្ញាវិជ្ជមានបំផុត ខណៈដែលកាលពីដើមឆ្នាំ ២០២៦ តម្លៃភាគហ៊ុនរបស់ Microsoft បានដាំក្បាលចុះរហូតដល់ ២៣% ដោយសារវិនិយោគិនបារម្ភពីការចំណាយដើមទុនច្រើនពេកលើបច្ចេកវិទ្យា AI។ កាលពីខែមករា ចំនួនអ្នកប្រើប្រាស់ដែលបង់ប្រាក់ក្នុងតម្លៃ ៣០ ដុល្លារក្នុងមួយខែ មានត្រឹមតែ ១៥ លាននាក់ប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកវិភាគមួយចំនួនមានមន្ទិលសង្ស័យលើភាពជោគជ័យនៃផលិតផលនេះ។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងកាលពីពេលថ្មីៗនេះ លោក Althoff បានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចគោលដៅលក់ដ៏ធំសម្រាប់ត្រីមាសទី៣ ដែលទើបបញ្ចប់នៅក្នុងខែមីនានេះ។ លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំពិតជាមានទំនុកចិត្តយ៉ាងខ្លាំងចំពោះតួលេខទាំងនោះ» ខណៈដែលក្រុមហ៊ុនកំពុងសម្រុកដាក់គោលដៅថ្មីសម្រាប់ខែមិថុនាខាងមុខ ដើម្បីបញ្ជាក់ថា AI មិនមែនគ្រាន់តែជាបច្ចេកវិទ្យាសម្រាប់បង្ហាញនោះទេ ប៉ុន្តែវាជាម៉ាស៊ីនបង្កើតប្រាក់ចំណេញពិតប្រាកដ។
ជាការកត់សម្គាល់ ទោះបីជាការចាប់ផ្ដើមដំបូងហាក់មានភាពរអាក់រអួលខ្លះក៏ដោយ ប៉ុន្តែជោគជ័យនៃកម្មវិធី Copilot នៅពេលនេះ បានក្លាយជាក្ដីសង្ឃឹមថ្មីសម្រាប់អ្នកវិនិយោគ។ វាជាការបង្ហាញឱ្យឃើញថា បច្ចេកវិទ្យា AI របស់ Microsoft កំពុងក្លាយជា «ជំនួយការខ្វះមិនបាន» សម្រាប់ក្រុមហ៊ុន និងអាជីវកម្មជុំវិញពិភពលោកក្នុងយុគសម័យថ្មីនេះ៕








