ក្រុមកីឡាវ៉ូវីណាម ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរៈកងកម្លាំងជួរមុខ»
03-04-2026 16:54
(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនក្រមា ១ម៉ឺនសារជូនពរ ដើម្បីវីរៈកងកម្លាំងជួរមុខ នៅរសៀលថ្ងៃទី០៣ ខែមេសានេះ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរួមគ្នាផ្ដល់ជូននូវក្រមា និងចូលរួមសរសេរសារជូនពរ ដើម្បីបង្ហាញនូវការគោរព ដឹងគុណ ដល់វីរៈកងទ័ព វីរៈនគរបាល ដែលឈរជើងយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន។
ការគាំទ្រយុទ្ធនាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នេះ ដឹកនាំដោយលោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានសហព័ន្ធ តំណាងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ស្របពេលយុទ្ធនាការនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណសួនច្បារវត្តបទុមវតី ដោយមានថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋជាច្រើនចូលរួម។
ឆ្លៀតឱកាសនោះ លោកបានគូសរំលេចថា ក្នុងនាមសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនី គឺបានខិតខំហ្វឹកហាត់បច្ចេកទេស ដើម្បីស្វែងរកមេដាយជូនជាតិ ប៉ុន្ដែការហ្វឹកហាត់ ក្នុងគ្រាប្រទេសទទួលរងនូវការឈ្លានពាន មិនមែនជារឿងចៃដន្យនោះទេ តែដោយសារការលះបង់របស់វីរៈកងកម្លាំងគ្រប់ប្រភេទ ដើម្បីឲ្យកីឡាករ-កីឡាការិនីបានហ្វឹកហាត់ និងចូលរួមការប្រកួតនានា រហូតដណ្ដើមបានមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។ ដូច្នេះរាល់សមិទ្ធផលនានាដែលក្រុមកីឡាសម្រេចបាន ក៏ជាផ្នែកមួយនៃញើសឈាម និងការលះបង់របស់វីរៈកងទ័ពផងដែរ។
អាស្រ័យហេតុនេះ លោកបានគាំទ្រនូវយុទ្ធនាការ ១ម៉ឺនក្រមា និងបណ្ណជូនពរនេះឡើង ហើយស្របទៅនឹងការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលវីរៈកងកម្លាំង បន្ដឈរជើងយ៉ាងអង់អាច ដើម្បីការពារបូរណភាពទឹកដី គឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ ត្រូវតែសម្ដែងកត្តញ្ញូ ចំពោះវីរៈកងទ័ព វីរៈនគរបាលទាំងអស់វិញ ក្នុងនាមទ័ពជួរក្រោយ ដែលត្រូវបង្ហាញការរួមគ្នា សម្រាប់ជាជន្ទល់ដល់ជួរមុខថា «ជួរក្រោយមិនព្រងើយកន្ដើយឲ្យជួរមុខលំបាកទេ»។
លោក ឈួរ សុបញ្ញា បន្ដថា «ជាមួយយុទ្ធនាការ ១ម៉ឺនក្រមានេះ ខ្ញុំសូមបញ្ជាក់ថា ក្រមា គឺជាមរតកដូនតាខ្មែរ ក្រមាគឺជាសម្ភារមួយសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងក្រមាដែលផ្ញើទៅ គឺជាភាពកក់ក្ដៅរបស់អ្នកខាងក្រោយ ដើម្បីនៅជាមួយអ្នកខាងមុខ។ កាលណាកងទ័ពរបស់យើង ឬជនភៀសសឹករបស់យើង គាត់លាក្រមាឡើង គាត់នឹងមានភាពកក់ក្ដៅ ហើយឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកខាងក្រោយមិនបោះបង់ពួកគាត់នោះទេ ហើយក៏មិននៅឆ្ងាយពីពួកគាត់ដែរ»។
គួរដឹងថា យុទ្ធនាការ «១ម៉ឺនក្រមា ១ម៉ឺនសារជូនពរ ដើម្បីវីរៈកងកម្លាំងជួរមុខ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី ដែលជាវេទិកាសាធារណៈមួយ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈកងកម្លាំងទាំងអស់ដែលបាន និងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត៕









