សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
03-04-2026 21:35
(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោកស្រី ប៊ូ អ៊ា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «សង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៥» ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុប យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា នេះជាលើកទី៥ ហើយសាកលវិទ្យាល័យបានរៀបចំសង្ក្រាន្តដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ។ សង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តែងមានការរៀបចំកម្មវិធីប្រពៃណី សាសនា និងកម្មវិធីមួយចំនួនដូចជា ពិធីសូត្រមន្តចម្រើនព្រះបរិត្តការសម្តែងសិល្បៈកម្សាន្ត ចាប៉ីដងវែង ការរាំលេងចង្វាក់ប្រពៃណីខ្មែរ ការវេចនំអន្សមខ្មែរ និងលេងល្បែងប្រជាប្រិយជាតិ ជាដើម ។ ទន្ទឹមគ្នានេះ ការរៀបចំសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏បានផ្ដល់ឱកាស ដល់សិស្ស-និស្សិត បានជួបជុំគ្នា បង្កើតមិត្តភាព សាមគ្គីភាព ខ្មែរតែមួយរស់ក្រោមម្លប់សន្តិភាព អគុណសន្តិភាព បណ្ដុះស្មារតីដល់សិស្ស-និស្សិត ឱ្យចេះស្រឡាញ់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង ដែលបន្សល់ទុកពីដូនតា ដែលមានតាំងពីយូរលង់ណាស់មកហើយ ។
ថ្លែងក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីនេះ លោកបណ្ឌិត លី ឆេង បានជំរុញ និងលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុប ទាំងអស់ ត្រូវចូលរួមថែរក្សាការពារវប្បធម៌មរតកជាតិ មានមនសិការសេ្នហាជាតិ សាមគ្គីភាពជាតិ និងត្រូវជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកបណ្ឌិត ក៏បាន បំផុសឱ្យខ្មែរគ្រប់រូប គ្រប់ទីកន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ខ្លាំងក្លា និងជំរុញចលនា គាំទ្រផលិតផលក្នុងស្រុក (Made in Cambodia) ឱ្យបានកាន់ផុលផុស ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅ របស់ប្រជាជន ព្រមទាំងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើន ថ្កុំថ្កើងបន្ថែមទៀតនតទៅអនាគត ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត និង លោកស្រី បានចូលរួមឧបត្ថម្ភក្រមា ចំនួន ២,០០០ក្រមា រួមជាមួយបណ្ណជូនពរ ក្នុងយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» តាមរយៈ សប្បុរសធម៌ ប៊ែលធី (BELTEI Charity)។ យុទ្ធនាការ "១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ" រៀបចំឡើង ដើម្បីបង្កើតជាវេទិកាជូនសាធារណជន ក្នុងការបង្ហាញនូវក្ដីនឹករលឹក និងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិដោយអង់អាចក្លាហានបំផុត ៕



