Gattuso សមាជិកឈ្នះពាន World Cup 2006 ជាមួយអាសូរី ចាកចេញពីតួនាទីគ្រូបង្វឹកអ៉ីតាលី
04-04-2026 09:59
(បរទេស)៖ អ្នកចាត់ការទូទៅ លោក Gennaro Gattuso និងសហព័ន្ធបាល់ទាត់អ៉ីតាលី បានព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ បន្ទាប់ពីក្រុមជម្រើសជាតិអ៉ីតាលី បរាជ័យប្រជែងកៅអីទៅ World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Gattuso ដែលបានចូលលេង ៧៣ប្រកួតក្នុងក្រុមជម្រើសជាតិអ៉ីតាលីកាលនៅជាកីឡាករ និងជាអតីតសមាជិកសំខាន់កាលឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2006 នៅអាល្លឺម៉ង់ផងដែរនោះ ត្រូវបានតែងតាំងដឹកនាំអាសូរីជំនួសតំណែងលោក Luciano Spalletti កាលពីអំឡុងខែមិថុនា ដោយរកបានជ័យជម្នះ ៦លើក ក្នុងចំណោម ៨ប្រកួតរបស់លោក។
ក្រោយពីការបរាជ័យ ៤-១ ក្រោមថ្វីជើងរបស់បូស្នី ដោយបាល់ប៉េណាល់ទីកាត់សេចក្តីកាលពីរាត្រីថ្ងៃអង្គារ ក្នុងការខកខានទៅ World Cup ជាលើកទី៣ ជាប់ៗគ្នាផងនោះ លោក Gattuso «បានធ្វើការសុំអភ័យទោស និងចាត់ទុកជារឿងមិនអាចទទួលយកបាន» នៅអំឡុងសន្និសីទ ក្រោយចប់ការប្រកួត។
លោកបានគូសបញ្ជាក់ថា «វាពិតជាធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តខ្លាំងណាស់ នៅពេលផែនការរបស់ពួកយើងត្រូវបានបរាជ័យបែបនេះ។ ខ្ញុំបានសញ្ជឹងគិតថា ពេលវេលារបស់ខ្ញុំក្នុងការដឹកនាំជម្រើសជាតិ វាដល់ពេលបញ្ចប់ហើយ»។
គួរបញ្ជាក់ផងថា អ៉ីតាលី ក្នុងនាមជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឹម៉ង់ តាមពីក្រោយប្រេស៊ីលដែលឈ្នះបាន ៥ដងច្រើនជាងគេ បានលេងពានធំនេះតែ ២លើកគត់ ក្រោយពួកគេផ្តួលបារាំងដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលឆ្នាំ២០០៦ ពោលគឺក្នុងឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង និងចុងក្រោយឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល៕



