សាលាអន្តរជាតិមែនន័រ រៀបចំពិធីតាំងពិព័រណ៍គម្រោងអប់រំស្ទែម បង្ហាញស្នាដៃ និងសមត្ថភាពបង្កើតថ្មីរបស់សិស្សានុសិស្ស

04-04-2026 19:31

(ភ្នំពេញ)៖ សាលាអន្តរជាតិមែនន័រ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីតាំងពិព័រណ៍គម្រោងអប់រំស្ទែម (STEAM) លើកទី២ ដើម្បីលើកកម្ពស់គំនិតច្នៃប្រឌិត ការគិតវិភាគ ការសហការ និងសមត្ថភាពបង្កើតថ្មីរបស់សិស្សានុសិស្ស ព្រមទាំងបង្កើនភាពស្និតស្នាលរវាងសាលា មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

ពិធីនេះ បានរៀបចំឡើងក្រោមវត្តមាន លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល ប្រមាណ ៦០០ នាក់។

លោក រឿន ចន្ថា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមនន័រ បានថ្លែងថា ពិធីតាំងពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងសក្តានុពលរបស់សិស្សានុសិស្សនៃសាលាអន្តរជាតិមែនន័រ ក្នុងការអនុវត្តចំណេះដឹងទៅជាការបង្កើត និងនវានុវត្តន៍ ដែលស្របតាមទិសដៅអប់រំសតវត្សរ៍ទី២១។

លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលាទាំងអស់នៅកម្ពុជា ផ្តោតទៅលើការបណ្តុះបណ្តាលសិស្សលើជំនាញ ស្ទែម ឱ្យមានសមត្ថភាពពិតប្រាកដ ដើម្បីកសាងនូវធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ស្របទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា។

លោកបានបង្ហាញគាំទ្រ ចំពោះការរៀបចំឱ្យពិធីតាំងពិព័រណ៍ស្ទែមបែបនេះ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត បង្កើតអ្វីដែលថ្មី និងព្យាយាមរិះរកបង្កើតនូវអ្វីដែលថ្មីៗបន្ថែមទៀត។ ការរៀបចំឱ្យមានពិព័រណ៍ស្ទែម បានឆ្លើយតបទៅនឹងគោលនយោបាយ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកបច្ចេកវិទ្យាជាគោលដៅទី៥ ផងដែរ។

លោកស្រី ឡាយ អមរា នាយិកាសាលាអន្តរជាតិមែនន័រ មានប្រសាសន៍ថា សាលាអន្តរជាតិមែនន័រ បានយកចិត្តទុកដាក់ទៅលើការបង្រៀន ដោយផ្សារភ្ជាប់រវាងទ្រឹស្តីដែលរៀននៅក្នុងថ្នាក់ទៅការអនុវត្តជាក់ស្តែង និងស្របតាមទិសដៅរបស់ក្រសួងអប់រំ ដែលផ្តោតទៅលើវិទ្យាសាស្រ្ត និងនវានុវត្តន៍ ដូច្នេះហើយសាសា បានចាប់ផ្តើមរុញកុមារ ឱ្យគាត់យកអ្វីដែលបានរៀនហើយយកមកអនុវត្ត ស្រាវជ្រាវ ច្នៃប្រឌិត។

លោកស្រីបន្ថែមថា តាមរយៈ ស្នាមដៃដែលពួកគេបានបង្កើតឡើង គឺបានបង្ហាញថា ពួកគេពិតជាមានទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់។

ការតាំងពិព័រណ៍ស្ទែមនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិមែនន័រ បានបង្កើតគម្រោងចំនួន៤០មកតាំងបង្ហាញ រួមមាន សិស្សកម្រិតមត្តេយ្យសិក្សា ៦ គម្រោង សិស្សកម្រិតបឋមសិក្សា ២២ គម្រោង និងសិស្សកម្រិតមធ្យមសិក្សា ១២ គម្រោង។

ចំពោះគម្រោងដែលបានបង្កើតឡើងនេះ សាលានឹងផ្តល់ជ័យលាភី ដូចជា មេដាយមាស ១០ គម្រោង មេដាយប្រាក់ ១២ គម្រោង និងមេដាយសំរិទ្ធ ១៨ គម្រោង ព្រមទាំងបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផ្សេងៗ។

សូមបញ្ជាក់ថា សាលាអន្តរជាតិមែនន័រអនុវត្តន៍កម្មវិធីសិក្សាទំនើបបែបសតវត្សរ៍ទី២១ ទាំងកម្មវិធីសិក្សាជាតិ អន្តរជាតិ ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដោយបង្រៀន ៣ ភាសា ក្នុងពេលតែមួយ គឺភាសាខ្មែរ ចិន អង់គ្លេសនិងផ្ដោតបន្ថែមលើកម្មវិធីសិក្សាបំណិនជីវិតប្រចាំថ្ងៃ ការបណ្តុះឥរិយាបថ និងភាពជាពលរដ្ឋល្អ កម្មវិធីអប់រំស្ទែម(STEM) កម្មវិធីហ្វឹកហ្វឺនភាពជាដឹកនាំ សហគ្រិនភាព និងកម្មវិធីបំណិនសតវត្សរ៍ទី២១ ជាច្រើនទៀត ដើម្បីឱ្យកុមារក្លាយជាពលរដ្ឋល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ។ សាលាមានទទួលចុះឈ្មោះសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៦-២០២៧ ចាប់ពីពេលនេះទៅ និងមានការផ្តល់ជូននូវការបញ្ចុះតម្លៃសិក្សាផងដែរ៕